ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ សុខាភិបាលឌីជីថលគឺជាយុគសម័យថ្មីមួយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា សុខាភិបាលឌីជីថលគឺជាយុគសម័យថ្មីមួយ ដែលការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រព័ន្ធសុខាភិបាល បានជំរុញឱ្យមានការផ្លាស់ប្តូរអំពីរបៀប ឬអភិក្រមនៃការគ្រប់គ្រង និងការបម្រើសេវាថែទាំសុខភាព ហើយដែលកំពុងផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មថែទាំសុខភាព នៅទូទាំងពិភពលោក និងនៅកម្ពុជាផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យបានរំលេចបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) រៀបចំនៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមផ្ទាល់ និងឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក្រសួងទាំងពីរ ដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ៣៦០នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទ (កម្មវិធី Zoom) ប្រមាណជាង ៣ ០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់ទស្សនទានមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលដូចជា៖ ទី១. ការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និងមានចីរភាព នៅក្នុងប្រព័ន្ធសុខាភិបាល។ អន្តរកម្មដែលមានភាពស៊ីចង្វាក់គ្នា រវាង បច្ចេកវិទ្យា មនុស្ស និង ប្រព័ន្ធ គឺជាស្នូលនៃបរិវត្តកម្មសុខាភិបាលឌីជីថល។ ទី២. សុខាភិបាលឌីជីថលមិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងស្របតាមក្រមសីលធម៌ របស់មន្ត្រីសុខាភិបាលគ្រប់រូបស្របតាម តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីកែលម្អលទ្ធផលសុខភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល និងលើកស្ទួយសមធម៌ សំដៅពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកលកម្ពុជា នៅឆ្នាំ២០៣៥។ ទី៣. ការរក្សាសុច្ចរិតភាព និងភាពជឿទុកបាននៃទិន្នន័យ និងការប្រើប្រាស់ទិន្នន័យ ប្រកបដោយសង្គតិភាពទូទាំងប្រព័ន្ធ។ ការពង្រឹងការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល ត្រូវឈរលើមូលដ្ឋាននៃសហការពហុជំនាញ និងពហុវិស័យ និងឈរលើចក្ខុវិស័យរួម ដើម្បីសម្រេចបានការកសាងសមត្ថភាពសុខាភិបាលឌីជីថល នៅក្នុងរយៈពេលវែង។ ទី៤. ការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់អភិបាលកិច្ចសុខាភិបាលឌីជីថល គឺជាវិមាត្រមួយដ៏សំខាន់នៃសុខាភិបាលឌីជីថល ហើយក៏ជាជំហានថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតួអង្គដទៃទៀត។ ក្របខ័ណ្ឌគោលនយោបាយ និងបញ្ញត្តកម្មនឹងធានាការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយសុខាភិបាលឌីជីថល (Telemedicine, Analytic tools, AI-assisted diagnostics) ស្របតាមស្តង់ដាគុណភាព និងក្រមសីលធម៌ ការការពារទិន្នន័យ និងឯកជនភាព និងការទទួលបានសេវាសុខាភិបាលតាមបែបឌីជីថល ប្រកបដោយទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋាន គ.រ.ឌ. ព្រមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍ ក្នុងការចូលរួមកសាងបានប្រព័ន្ធសុខាភិបាលឌីជីថលអេកូឡូស៊ីមួយ ដែលមានចីរភាពសន្តិសុខ និងផ្តោតលើប្រជាជន ព្រមទាំងការផ្តល់កិច្ចសហការយ៉ាងល្អ និងគាំទ្រយ៉ាងសកម្ម ជាមួយក្រសួងសុខាភិបាល៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





