ប្រធានស្តីទីព្រឹទ្ធសភា៖ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ មន្ត្រីត្រូវបន្តលើកកម្ពស់សមត្ថភាពរបស់ខ្លួនជាប្រចាំ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ មន្ត្រីត្រូវបន្តលើកកម្ពស់សមត្ថភាពរបស់ខ្លួនជាប្រចាំ តាមរយៈការដុសខាត់ចំណេះដឹង ចំណេះធ្វើ និងចំណេះដឹងផ្នែកភាសាបរទេសជាដើម។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាមានប្រសាសន៍ថា ការដែលមន្ត្រីមានសមត្ថភាពតែមួយមុខក៏ពុំទាន់គ្រាន់នោះដែរ គឺត្រូវមានស្មារតីខិតខំ តស៊ូ ព្យាយាម និងការទទួលខុសត្រូវចំពោះតួនាទី និងការងារដែលខ្លួនរ៉ាប់រង។ យើងម្នាក់ៗមានតួនាទីភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ហើយការខិតខំប្រឹងប្រែងរបស់យើងក៏ជាការឆ្លុះបញ្ចាំងពីមនសិការស្នេហាជាតិផងដែរ។

សម្រាប់ឆ្នាំ២០២៦នេះ ប្រធានស្តីទីព្រឹទ្ធសភា បានណែនាំដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអង្គភាពពាក់ព័ន្ធឱ្យពិនិត្យពិចារណាឡើងវិញក្នុងការកែលម្អរចនាសម្ព័ន្ធការងារ ដើម្បីឱ្យស្របនឹងសភាពការណ៍វិវត្តន៍ និងទំហំការងារដែលមានការកើនឡើង និងចំពោះមុខត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមរៀបចំកិច្ចប្រជុំអន្តរសភាសំខាន់ៗដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដូចជាកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) នៅខេត្តសៀមរាប ការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) និងការចូលរួមចំណែករបស់ព្រឹទ្ធសភានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាដើម។

ឯកឧត្តម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសម្រេចបាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានកំណត់ការងារអាទិភាពចម្បងចំនួន២ គឺការលើកកម្ពស់ការទូតសភា និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរមូលដ្ឋាន ជាពិសេសការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលតស៊ូប្រឆាំងនឹងការឈ្លានពានពីភាគីថៃ។
ឯកឧត្តមបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់ ដែលបានរួមសាមគ្គីគ្នាសម្រេចលទ្ធផលដ៏គួរឱ្យកត់សម្គាល់នាឆ្នាំកន្លងទៅ និងសូមបន្តលើកកម្ពស់ស្មារតីសាមគ្គី និងសហការគ្នា ដើម្បីសម្រេចទិសដៅការងារ និងលើកកម្ពស់កិត្យានុភាពស្ថាប័នឱ្យបានខ្ពង់ខ្ពស់បន្ថែមទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





