ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ «ការទម្លាប់រិះគិតពិចារណា នាំឱ្យយើងកាន់តែពូកែក្នុងការដោះស្រាយបញ្ហា»
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ និងណែនាំសំខាន់ៗ៖ គ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវខ្ជាប់គុណធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរ (dignity) របស់ខ្លួន ដែលផ្សារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ។ បន្តពង្រឹងគុណភាពឱ្យកាន់តែប្រសើរឡើងទាំងសេវារដ្ឋ និងឯកជន។ ពង្រឹងសមត្ថភាពនៃការសង្គ្រោះបន្ទាន់នៅគ្រប់កម្រិត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសេវាឯកជន។ បង្កើនការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់មូលនិធិសមធ៌ និង ប.ស.ស. ប្រកបដោយសមធម៌។ មន្ទីរពេទ្យទាំងអស់យកចិត្តទុកដាក់ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័៏យ មធ្យោបាយទំនាក់ទំនង និងមធ្យោបាយធ្វើដំណើរ។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ត្រូវបន្តខិតខំប្រឹងប្រែងជំរុញការងារដោយការទទួលខុសត្រូវខ្ពស់ សុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនការសហការឱ្យកាន់តែជិតស្និទ្ធ៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





