អ៊ឹមអូអាយ រកបាន៣ពិន្ទុពី ក្រោន ខណៈ២ប្រកួតស្មើ ១-១ ដូចគ្នា ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី២៤
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦--ក្រុមលំដាប់បាតតារាងនៃ៦ក្រុមខាងលើ (Top6) អ៊ឹមអូអាយកំពង់ដេវ៉ា បានយកឈ្នះក្រុមឈរលេខ២ ភ្នំពេញក្រោន ដោយលទ្ធផល ២-១ ខណៈក្រុមបឹងកេត ស្មើជាមួយអង្គរថាយហ្គឺរ ១-១ រីឯណាហ្គាវើលដ៍ក៏រក្សាបានលទ្ធផលស្មើ ១ទល់១ ជាមួយក្រុមការពារម្ចាស់ដំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នៅក្នុងជំនួបសប្តាហ៍ទី២៤ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ក្របខ័ណ្ឌជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឬហៅថា លីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦។

៣ក្រុមលើកំពូលតារាងនៃTop 6 ជួបលទ្ធផលមិនសូវល្អទេ ក្នុងជំនួបសប្តាហ៍នេះ ដោយសារតែ២ក្រុម គឺព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោននឹងត្រូវប្រកួតកាត់សេចក្តីជាមួយគ្នា នៅក្នុងការប្រកួតជើងទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ វគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League 2025-2026។

ឆ្លងកាត់២២ប្រកួតដូចៗគ្នា គឺព្រះខ័នរាជស្វាយរៀង ឈរនៅលេខ១ ក្រោយឈ្នះ១៨ប្រកួត ស្មើ១ និងចាញ់៣ មាន៥៥ពិន្ទុ, លេខ២ ភ្នំពេញក្រោន ឈ្នះ១៤ ស្មើ៥ និងចាញ់៣ មាន៤៧ពិន្ទុ, លេខ៣ អង្គរថាយហ្គឺរ ឈ្នះ១១ ស្មើ៥ និងចាញ់៦ មាន៣៨ពិន្ទុ, លេខ៤ ណាហ្គាវើលដ៍ ឈ្នះ១០ ស្មើ៦ និងចាញ់៦ មាន៣៦ពិន្ទុ ខណៈបឹងកេត ឈរលេខ៥ មាន៣៦ពិន្ទុដូចគ្នា រីឯក្រុមអ៊ឹមអូអាយកំពង់ដេវ៉ា ឈរលេខ៦ មាន៣៣ពិន្ទុ។

ចំពោះលទ្ធផល២ប្រកួតនៃ៥ក្រុមខាងក្រោម (Bottom 5) កាលពីថ្ងៃទី០៧ ខែមីនា រួមមាន៖ ក្រុមឡាយហ្វខេត្តព្រះសីហុន ចាញ់ វិសាខា ០-២ ខណៈអាយអេសអាយដង្កោសែនជ័យ ចាញ់ គិរីវង់សុខសែនជ័យ ០-១៕
ដោយ ហេង ណាលីន (រូបភាព៖ CPL)





