រាជរដ្ឋាភិបាលពង្រឹងសុខុមាលភាពកងកម្លាំងតាមព្រំដែន៖ កិច្ចប្រជុំពិភាក្សាជ្រើសរើសទីតាំងសាងសង់ផ្ទះជូនគ្រួសារកងទ័ព និងនគរបាលជាតិក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកុម្ភ ឆ្នាំ២០២៦--ក្នុងស្មារតីលើកកម្ពស់ជីវភាព និងផ្តល់ភាពកក់ក្តៅដល់វីរកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ហ៊ី ចិន្តា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងជ្រើសរើសទីតាំងសម្រាប់សាងសង់ផ្ទះជូនគ្រួសារកងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅសាលប្រជុំអង្គភាពច្រកចេញ-ចូលតែមួយ នៃសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត និងលោកអគ្គនាយករង បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំសាងសង់លំនៅដ្ឋាននេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់គ្រួសារកងកម្លាំងប្រដាប់អាវុធ។

"ការមានជម្រកស្នាក់នៅសមរម្យ គឺជាមូលដ្ឋានគ្រឹះនៃស្ថិរភាពជីវភាព។ រាជរដ្ឋាភិបាលមិនដែលបំភ្លេចនូវការលះបង់របស់កងកម្លាំងយើងឡើយ ហើយគម្រោងនេះនឹងជួយឱ្យពួកគាត់មានចិត្តជ្រះថ្លា កក់ក្តៅ និងកាន់តែមានស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចការពារជាតិ"។

ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា៖ ការពិនិត្យភូមិសាស្ត្រ ជ្រើសរើសទីតាំងដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ មានប្រភពទឹក និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។គុណភាពសំណង់ ធានាថា ផ្ទះដែលនឹងសាងសង់មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ផាសុកភាព និងស័ក្តិសមសម្រាប់គ្រួសារកងកម្លាំង។តម្លាភាពក្នុងការជ្រើសរើសការកំណត់មុខសញ្ញាគ្រួសារកងកម្លាំងដែលត្រូវទទួលផ្ទះ ត្រូវធ្វើឡើងដោយភាពសុក្រឹត និងយុត្តិធម៌បំផុត។
សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រពង្រឹងខ្សែក្រវាត់ព្រំដែនតាមរយៈ "ការរៀបចំប៉ុស្តិ៍ និងភូមិករឱ្យមានការអភិវឌ្ឍ" ដែលជួយឱ្យគ្រួសារកងកម្លាំងអាចរស់នៅក្បែរជួរមុខ ប្រកបដោយក្តីសង្ឃឹម និងមោទនភាពជាតិ៕
ដោយ៖ ឈុនសារ៉ាត





