កម្ពុជាគ្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ២០២៦ រយៈពេល២ថ្ងៃ នៅចុងខែកញ្ញា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦-- កម្ពុជាគ្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ២០២៦ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីជំរុញឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មនៅកម្ពុជា។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងក្រុមហ៊ុន Informa Markets ដឹកនាំដោយលោក Gerard Leeuwenburgh ប្រធានតំបន់ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោក Leeuwenburgh បានបង្ហាញអំពីគម្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦ ពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ដែលនឹងផ្តល់ជាវេទិកាអន្តរជាតិដំបូងបង្អស់នៅកម្ពុជា សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។
លោក Leeuwenburgh បានលើកឡើងថា៖ “ក្រុមហ៊ុនមានបំណងវិនិយោគរយៈពេលវែងនៅកម្ពុជា និងផ្សារភ្ជាប់គោលនយោបាយរាជរដ្ឋាភិបាលជាមួយនឹងធុរកិច្ច តាមរយៈពិព័រណ៍។”
ជាមួយគ្នានេះ លោកក៏បានស្នើសុំការគាំទ្រពីក្រសួង ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាអន្តរជាតិមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយលើកឡើងថា ពិព័រណ៍នេះស្របនឹងរបៀបវារៈជំរុញការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា។ ឯកឧត្តមបានបន្ថែមថា៖ “ក្រសួងគាំទ្រគ្រប់វេទិកាដែលជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញនៃឧស្សាហកម្មកែច្នៃអាហារ។”
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បញ្ចូលបច្ចេកវិទ្យាវេចខ្ចប់ និងដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ផលិតករក្នុងស្រុក ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។
ឯកឧត្តមក៏បានជម្រាបជូនក្រុមហ៊ុនអំពីព្រឹត្តិការណ៍ជាតិសំខាន់ៗ ដែលក្រសួងនឹងរៀបចំនាពេលខាងមុខ រួមទាំង ‘ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤’ និង ‘ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម’ ដែលជាការបំពេញបន្ថែមដ៏ល្អសម្រាប់គោលដៅនៃកម្មវិធីពិព័រណ៍របស់ក្រុមហ៊ុន។
គួរបញ្ជាក់ដែរផងថា ក្រុមហ៊ុន Informa Markets គឺជាផ្នែកមួយនៃ Informa PLC ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខមួយលើពិភពលោក ដោយមានបុគ្គលិករាប់ពាន់នាក់ និងមានប្រតិបត្តិការពិព័រណ៍ជាមួយក្រុមហ៊ុន និងម៉ាកយីហោអន្តរជាតិជាច្រើន៕
ដោយ៖ ស្រីពេជ្រ





