ខេត្តបន្ទាយមានជ័យជំរុញការអនុវត្តអនុក្រឹត្យលេខ ០៣ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងក្រុងប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ខែកុម្ភឆ្នាំ២០២៦--រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ»។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងយ៉ាងមានសារៈសំខាន់សម្រាប់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ និងសហគ្រាសនានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា ការចេញអនុក្រឹត្យថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងតំបន់ដែលមានការរស់នៅប្រមូលផ្តុំ។

"ការគ្រប់គ្រងសន្តិសុខ មិនមែនជាភារកិច្ចរបស់តែអាជ្ញាធរនោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងទីតាំងផ្ទាល់ ដើម្បីបង្ការបទល្មើស និងធានាបាននូវបរិយាកាសរស់នៅប្រកបដោយភាពកក់ក្តៅ" នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តម អ៊ុំ រាត្រី។

ដើម្បីឱ្យការអនុវត្តអនុក្រឹត្យនេះមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ម្ចាស់ទីតាំង និងអ្នកគ្រប់គ្រងទាំងអស់នូវចំណុចសំខាន់ៗរួមមាន ត្រូវក្តាប់ឱ្យបានច្បាស់លាស់នូវចំនួនមនុស្សដែលស្នាក់នៅ និងធ្វើការ ក្នុងទីតាំងរបស់ខ្លួន។ ត្រូវរាយការណ៍ជាបន្ទាន់នូវរាល់ភាពមិនប្រក្រតី ឬបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងបរិវេណគ្រប់គ្រង។ ត្រូវពង្រឹងប្រព័ន្ធការពារសន្តិសុខ ដូចជាការដំឡើងកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធការពារអគ្គិភ័យឱ្យបានត្រឹមត្រូវ។

ក្រុងប៉ោយប៉ែត គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាតំបន់ព្រំដែនដែលមានចរន្តមនុស្សឆ្លងកាត់យ៉ាងមមាញឹក។ ការពង្រឹងការគ្រប់គ្រងតាមទីតាំងរស់នៅប្រមូលផ្តុំ (ដូចជាអគារស្នាក់នៅរួម ឬសហគ្រាសធំៗ) នឹងជួយកាត់បន្ថយហានិភ័យនៃបទល្មើសឆ្លងដែន ការជួញដូរមនុស្ស និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ដែលជាកត្តាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ និងភ្ញៀវទេសចរ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អាជ្ញាធរក្រុង និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះណែនាំ និងជំរុញការអនុវត្តអនុក្រឹត្យលេខ ០៣ នេះឱ្យបានដល់គ្រប់គោលដៅ ដើម្បីប្រែក្លាយក្រុងប៉ោយប៉ែតឱ្យទៅជាតំបន់រស់នៅ និងវិនិយោគដែលមានសុវត្ថិភាពខ្ពស់បំផុត៕
ដោយ ឈុន សារ៉ាត





