មន្ត្រីរដ្ឋសភា ស្វែងយល់ពីប្រវត្តិទំនាក់ទំនងអន្តរជាតិ និងឫសគល់នយោបាយការបរទេស និងសេដ្ឋកិច្ចកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦--អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី “ប្រវត្តិនយោបាយការបរទេសកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា”។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាសរុបចំនួន ១២០នាក់ និងតាមរយៈប្រព័ន្ធនិម្មិត Zoom មួយចំនួនទៀត ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ប្រសិទ្ធភាពការងារ និងការយល់ដឹងរបស់មន្ត្រីឱ្យកាន់តែដើរទាន់សភាពការណ៍វិវត្តន៍នៃពិភពលោក។

នៅក្នុងបទឧទ្ទេសនាមដ៏មានអត្ថន័យ ឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខាធិកា ររដ្ឋសភាបានសង្កត់ធ្ងន់ថា "ប្រវត្តិទំនាក់ទំនងអន្តរជាតិ" ដោយបានរំលេចនូវការវិវឌ្ឍនៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស តាំងពីសតវត្សទី១៥ រហូតមកដល់បច្ចុប្បន្ន។ ការយល់ដឹងពីប្រវត្តិសាស្ត្រ មិនមែនគ្រាន់តែជាការចងចាំព្រឹត្តិការណ៍អតីតកាលនោះទេ ប៉ុន្តែវាគឺជាការវិភាគលើភូមិសាស្ត្រនយោបាយ ការកកើតនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការយល់ដឹងពីទំនាក់ទំនងរវាងនយោបាយការបរទេស និងសេដ្ឋកិច្ច ជួយឱ្យមន្ត្រីរាជការមើលឃើញពី យុទ្ធសាស្ត្រសេដ្ឋកិច្ចការទូត ភាពធន់នៃសេដ្ឋកិច្ច និងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថលជាដើម។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។ មន្ត្រីរាជការដែលជាសេនាធិការឱ្យស្ថាប័ននីតិប្បញ្ញត្តិ ចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងរដ្ឋបាលកាន់តែប្រសើរ ជូនដល់សមាជិករដ្ឋសភា ក្នុងបេសកកម្មការទូតសភា។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបែងចែកជា ២លើក ដែលលើកទី១ គឺនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានបញ្ចប់ដោយជោគជ័យ។ ចំណែកលើកទី២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយ៖ ប៊ុនរិទ្ធ





