រដ្ឋមន្រ្តីសុខាភិបាល៖ «ការដឹកនាំ ដើម្បីទទួលបានផលវិជ្ជមាន មិនអាចធ្វើឡើងតាមបែបបណ្តែតបណ្តោយ ឬ គ្រាន់តែធ្វើទៅតាមតែលទ្ធភាពដែលមានបានទេ»
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ការដឹកនាំ ដើម្បីទទួលបានផលវិជ្ជមាន មិនអាចធ្វើឡើងតាមបែបបណ្តែតបណ្តោយ ឬគ្រាន់តែធ្វើទៅតាមតែលទ្ធភាពដែលមានបានទេ»។

ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបន្តដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣ ១៧៩រូប នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ឆ្លៀតពេលវេលាដ៏មានតម្លៃនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានធ្វើការបកស្រាយពីទម្រង់នៃការដឹកនាំដែលជាដំណើរការ ដែលបុគ្គលបានបង្កើតឱ្យមានឥទ្ធិពលដល់ក្រុមការងារ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមមួយ។ អ្នកដឹកនាំត្រូវមានទស្សនៈវិស័យទូលំទូលាយ និងត្រូវមានសមត្ថភាពដឹកនាំការងារក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីធ្វើការដឹកនាំកុំឱ្យជាប់គាំង អ្នកដឹកនាំ មិនត្រូវធ្វើការក្នុងលក្ខខណ្ឌចង្អៀតចង្អល់ (ទាល់តែមានអ្វីៗ គ្រប់សព្វទើបអាចដឹកនាំបាននោះទេ) មិនត្រូវធ្វើឡើងតាមបែបបណ្តែតបណ្តោយ ឬធ្វើតាមតែលទ្ធភាពដែលមាន (មើលតាមជាក់ស្តែង)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកពាក្យគន្លឹះ one process, one person មកធ្វើការបកស្រាយស៊ីជម្រៅពីទស្សនៈវិទ្យា នៃការដឹកនាំ ដែលបង្កើតជាដំណើរការមួយដែលកើតឡើងហើយ ដំណើរការនោះនឹងបង្ហាញពីអ្វីមួយ នឹងផ្តល់នូវបទពិសោធន៍ ក្លាយជាលទ្ធផលមួយដែលគេចង់បាន។
បន្ថែមពីលើនេះ ការដឹកនាំទាក់ទងនឹងបុគ្គលភាព ដែលជាអ្នកបំភ្លឺផ្លូវ និងផ្សារសាច់ឈាមជាមួយក្រុមការងារ (incarnation) ដើម្បីក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានឥទ្ធិពលទាក់ទាញ (charismatic leader)។
ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែកកញ្ជ្រៀចនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ដើម្បីបង្កើនការប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅរបស់ខ្លួន។ ក្រោយពីទទួលបានធាតុចូលពីអ្នកចូលរួម ក្រុមការងារមន្ទីរពេទ្យបង្អែកកញ្ជ្រៀចបានតាំងចិត្តក្នុងការធ្វើការបំបែកបញ្ហាឱ្យកាន់តែលម្អិត និងធ្វើការជ្រើសរើសបទអន្តរគមន៍ មកអនុវត្ត និងបន្តកែលម្អឱ្យបទអន្តរគមន៍កាន់តែមានប្រសិទ្ធភាព ទៅតាមរង្វិលជុំរបស់ PDIA៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





