ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបើកជំរំយុវជន ក្រោមប្រធានបទ "យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ"
AKP កំពង់ចាម ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបើកជំរំយុវជនក្រោមប្រធានបទ "យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ" ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុនចាន់ដា បានមានប្រសាសន៍លើកឡើងថា ការបោះជំរំនេះ ជាវិធីសាស្ត្រអប់រំយ៉ាងមានប្រសិទ្ធភាពសម្រាប់យុវជន ដែលបានផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថក្នុងការសិក្សា សីលធម៌រស់នៅល្អ របស់យុវជន។ ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធីជំរំបានគ្រោងទុក។

ឯកឧត្តមអភិបាលខេត្តក៏បានរំពឹងទុកថា ការបោះជំរំយុវជនខេត្តកំពង់ចាមនាពេលនេះ ដែលយុវជនមកពីគ្រប់ទិសទីក្នុងខេត្តកំពង់ចាម ដេីម្បីបំណិនជីវិត និងការរៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដេីម្បីវិបុលភាពជាតិ វាជាឱកាសដែលក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នា ទៅវិញទៅមក ចូលរួមចំណែក អភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងរីកចម្រើនឡើង ហើយជាពិសេស គឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ និងខិតខំធ្វើឱ្យខ្លួនមាន សេចក្តីព្យាយាម អត់ធ្មត់ និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់ក្មួយៗយុវសិស្ស ត្រូវខិតខំ ចេះសង្កេតសិក្សា ស្រាវជ្រាវតាមរយៈសកម្មភាពទាំងឡាយក្នុងដំណើរការនៃការបោះជំរំយុវជននេះ ជាពិសេសសូមក្មួយៗ ត្រូវខិតខំកត់ត្រានូវ សកម្មភាពល្អៗ ទុកសម្រាប់ជាមេរៀនពិសោធន៍សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយ ពីលទ្ធផលទាំងអស់នេះដល់មិត្តភក្តិ បងប្អូនរបស់ក្មួយឱ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មានសារៈសំខាន់នៃកិច្ចការទាំងឡាយដែលក្មួយៗបាន និងកំពុងប្រតិបត្តិដោយផ្ទាល់ ក្នុងដំណើរការបោះជំរំ រយៈពេល៧ថ្ងៃ លើទឹកដីស្រុកជើងព្រៃនាពេលនេះផងដែរ។

ការបោះជំរំនេះគឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ លើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិនដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ៕
ដោយ ឆាយ ម៉ុត





