រដ្ឋបាលខេត្តបន្ទាយមានជ័យជំរុញនីតិវិធីផ្ទេរសិទ្ធិកាន់កាប់ដីធ្លីតំបន់២ ជូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពកក់ក្តៅ និងជីវភាពរស់នៅ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦--ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងស្ថិរភាពជីវភាពរបស់ប្រជាកសិករ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំសំខាន់មួយ ដើម្បីពន្លឿននីតិវិធីផ្ទេរកម្មសិទ្ធិ និងបំបែកក្បាលដីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីរដ្ឋ ស្ថិតក្នុងតំបន់២ នៃតំបន់ទន្លេសាប។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយអភិបាល-អភិបាលរងក្រុង/ស្រុក មេឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំអង្គភាពច្រកចេញចូលតែមួយខេត្ត។

គោលបំណងចម្បងនៃកិច្ចពិភាក្សានេះ គឺដើម្បីរៀបចំបំពេញនីតិវិធីបច្ចេកទេស និងច្បាប់ ក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីពីក្រសួងធនធានទឹក និងឧតុនិយម មកឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ គោលដៅចុងក្រោយ គឺការផ្តល់ "សិទ្ធិប្រើប្រាស់ និងអាស្រ័យផល" ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងបង្កបង្កើនផលជាក់ស្តែងក្នុងតំបន់២ នៃតំបន់ទន្លេសាប។ ចំណុចគន្លឹះដែលបានលើកឡើងក្នុងកិច្ចប្រជុំ ការបំបែកក្បាលដីរៀបចំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឱ្យបានត្រឹមត្រូវតាមទិន្នន័យជាក់ស្តែង។ ការធានាសិទ្ធិអាស្រ័យផលបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការបង្កបង្កើនផល កាត់បន្ថយវិវាទ និងបង្កើតភាពច្បាស់លាស់ផ្នែកច្បាប់។ ការអនុវត្តតាមអនុសាសន៍រាជរដ្ឋាភិបាលនេះគឺជាការអនុវត្តតាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលតែងតែតម្កល់ផលប្រយោជន៍ពលរដ្ឋជាធំ។

ក្នុងឱកាសនោះ ឯកឧត្តម យិន ងួនកូលេនីន និងលោក ឃ្លោក នួយ បានសង្កត់ធ្ងន់ថា ការងារផ្ទេរសិទ្ធិ និងបំបែកក្បាលដីនេះ គឺជាកិច្ចការងារអាទិភាព។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែសហការគ្នាឱ្យស្អិតរមួត ធានាឱ្យបាននូវតម្លាភាព និងភាពត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវអត្ថប្រយោជន៍ពិតប្រាកដពីដីធ្លីដែលខ្លួនកំពុងអាស្រ័យផល។ "ការផ្ដល់សិទ្ធិប្រើប្រាស់ដីធ្លីក្នុងតំបន់២ ជូនប្រជាពលរដ្ឋ មិនត្រឹមតែជាការផ្ដល់សិទ្ធិអាស្រ័យផលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកសាងជំនឿទុកចិត្ត និងពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ឱ្យកាន់តែរឹងមាំ"។

សូមបញ្ជាក់ថាកិច្ចប្រជុំនេះបានបង្ហាញឱ្យឃើញពីជំហានវិជ្ជមានថ្មីមួយទៀត ក្នុងកិច្ចការគ្រប់គ្រងដីធ្លីរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ តាមរយៈនីតិវិធីនេះ ប្រជាពលរដ្ឋក្នុងតំបន់២ នឹងលែងមានកង្វល់លើបញ្ហាកាន់កាប់ដីធ្លី ហើយអាចបន្តមុខរបរកសិកម្មរបស់ខ្លួនដោយមានការការពារតាមផ្លូវច្បាប់ពេញលេញ៕
ដោយ ឈុន សារ៉ាត





