សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ
AKP ភ្នំពេញ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦--
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាគណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភុមិកម្ពុជា និងលោកជំទាវ នៅគេហដ្ឋានរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈ អធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូន សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។

សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានបញ្ជាក់ថា សម្តេច និងក្រុមគ្រួសាររបស់សម្តេចពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំរណសិរ្សគ្រប់លំដាប់ថ្នាក់ ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាន នាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មហិទ្ធិឫទ្ធិ បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមសមប្រកបនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕.
ដោយ÷សួស សំរិត





