«រមណីយដ្ឋានផែបណ្តែតទឹកនិងកីឡាកម្សាន្តលើទឹក»ជាសមិទ្ធផលទេសចរណ៍ថ្មីនៅខេត្តព្រះសីហនុ រំពឹងថាភ្ញៀវទេសចរទៅលេងខេត្តឆ្នេរសមុទ្រមួយនេះកាន់តែច្រើន!
AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៦--
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុបាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោង «រមណីយដ្ឋានផែបណ្តែតទឹក និងកីឡាកម្សាន្តលើទឹក» (Toeksab Nature Table)នាព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៦ ដែលទីតាំងរមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម។

រមណីយដ្ឋានផែបណ្តែតទឹក និងកីឡាកម្សាន្តលើទឹក» (Toeksab Nature Table) នៅក្រុងកំពង់សោមនេះបានបង្ហាញពីសមិទ្ធផលថ្មីនឹងក្លាយជាគោលដៅទេសចរណ៍មួយប្លែកភ្នែក ដែលជាក្រុងទើបតែបង្កើតថ្មីនៅខេត្តព្រះ សីហនុ។ ម្យ៉ាងទៀតធ្វើឱ្យវិស័យទេស ចរណ៍នៅក្នុងខេត្តព្រះសីហនុ កាន់តែមានភាពទាក់ទាញរីកចម្រើនសម្បូរបែប និងរស់រវើកជាមួយនឹងការលេចរូបរាងឡើងនូវផលិតផលទេសចរណ៍ថ្មីៗសម្រាប់បង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគិន។

គម្រោងរមណីយដ្ឋានផែបណ្តែតទឹក និងកីឡាកម្សាន្តលើទឹក (Toeksab Nature Table) ដ៏មានសក្ដានុពលនេះ មិនត្រឹមតែផ្ដល់នូវការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់សោភ័ណភាពធម្មជាតិ និងបរិស្ថានក្នុងតំបន់ដោយផ្តោតលើការកម្សាន្តបែបផែបណ្តែតទឹក និងកីឡាលើផ្ទៃទឹក ព្រមទាំងមានបម្រើជូននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាពិសេសគឺ «អាហារមាន សុខភាព» និងអាហារបែបអឺរ៉ុបផងដែរ ។
តាមការឪ្យដឹងពីលោក តាយ ប៊ុនថុង ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ រមណីយដ្ឋានផែបណ្តែតទឹក និងកីឡាកម្សាន្តលើទឹក( Toeksab Nature Table)នេះបានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមសាងសង់តាំងពីខែមករា ឆ្នាំ២០២៤មកម្ល៉េះ។ ក្នុងគោលបំណង ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់រាម នៃខេត្តព្រះសីហនុ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូលផងដែរ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់បន្ថែមថា តំបន់ទេសចរណ៍ថ្មីនេះគឺជាកន្លែងទេសចរណ៍ថ្មីមួយទៀតសម្រាប់ភូមិសាស្ត្រនៅក្នុងសង្កាត់រាម ក្រុងកំពង់សោម ដែលជាកន្លែងមានទេសភាពស្រស់បំព្រង មាន ព្រែក ព្រៃកោងកាង ហើយក៏ជាកន្លែងលំហែកាយរបស់ប្រជាពលរដ្ឋភ្ញៀវទេសចរដ៏មានប្រជាប្រិយភាព។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវឪ្យប្រជាពលរដ្ឋភ្ញៀវទេសចរទាំងក្នុងខេត្ត និងបណ្ដារាជធានីខេត្តសូមអញ្ជើញមកសម្រាកលំហែកម្សាន្តនៅខេត្តព្រះសីហនុជាមួយនឹងតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនដូចជាតំបន់ឆ្នេរ ដីគោក ដីកោះ ធនធានបាតសមុទ្រ តំបន់ទឹកធ្លាក់ និងតំបន់ឧទ្យានជាតិទាំងរដ្ឋ និងវិស័យឯកជនបាននិងកំពុងរៀបចំបង្កើតឡើងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមក លេងកម្សាន្តខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀត។
ក្នុងឪកាសនោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះវិស័យឯកជនដែលបានបង្កើតរមណីយដ្ឋានផែបណ្តែតទឹក និងកីឡាកម្សាន្តលើទឹក ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោមនេះ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឪ្យកាន់តែរីកចម្រើន និងសម្បូរបែបថែមទៀត ជាពិសេសបានជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចគ្រួសារ ព្រោះវិស័យទេសចរណ៍គ្មានផ្សែងមួយនេះ ត្រូវបានរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញឪ្យបង្កើតនូវតំបន់ទេសចរណ៍ថ្មីៗ និងផលិតផលទេសចរណ៍ប្រចាំតំបន់នីមួយៗក្នុងការលើកស្ទួយកម្រឹតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ ៕
ដោយ ងូ សុមុនី





