ក្រសួងអប់រំ៖ សំណើសុំបញ្ជាក់សញ្ញាបត្រចំនួន ២០ករណី ក្រសួងមិនអាចចេញការបញ្ជាក់ជូនបានទេ
AKP ភ្មំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ --
ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ក្រសួងបានបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេសចំនួន ៨.៨៤២សន្លឹក។ ក្រៅពីនេះសំណើសុំបញ្ជាក់សញ្ញាបត្រចំនួន ២០ករណី ក្រសួងមិនអាចចេញការបញ្ជាក់ជូនបានទេ ដោយសារ ១. ក្រសួងមិនអាចទាក់ទងគ្រឹះស្ថានអប់រំនៅក្រៅប្រទេសដែលចេញសញ្ញាបត្រ ក្នុងនោះគ្រឹះស្ថានអប់រំមួយចំនួនមិនមានអាសយដ្ឋានច្បាស់លាស់ ឬជាអង្គភាពសាសនាមិនមានការទទួលស្គាល់ពីស្ថាប័នថ្នាក់ជាតិ ២. ឯកសារគាំទ្រដែលភ្ជាប់មកជាមួយ ដូចជាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រពាក់ព័ន្ធមិនមានក្នុងគល់បញ្ជី ក្នុងករណីអ្នកស្នើសុំធ្លាប់សិក្សាក្នុងប្រទេសកម្ពុជា និង ៣. មិនមាននិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជាដើម។
ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងបង្កភាពងាយស្រួល នៅក្នុងការស្នើសុំការបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេស ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជននូវយន្តការមួយចំនួនដូចតទៅនេះ៖ នាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកពិនិត្យ និងបញ្ជាក់ សញ្ញាបត្ររបស់និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រមកពីគ្រឹះស្ថានឧត្តមសិក្សានៅក្រៅប្រទេស។ ដោយឡែក ការពិនិត្យ និងវាយតម្លៃសញ្ញាបត្រផ្នែកសុខាភិបាលជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ អ្នកស្នើសុំបញ្ជាក់សញ្ញាបត្រត្រូវបំពេញពាក្យស្នើសុំតាមរយៈ QR code ដូចមាននៅក្នុងគេហទំព័ររបស់ក្រសួង (ឬមាននៅទំព័របន្ទាប់នៃសេចក្តីជូនដំណឹងនេះ) ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធជាទម្រង់ PDF ឱ្យបានគ្រប់ចំនួន រួចបញ្ជូនទៅក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតេឡេក្រាម លេខ ០៦៦ ៨២០ ០៤០។ អ្នកស្នើសុំត្រូវទាក់ទង និងសាកសួរព័ត៌មានបន្ថែម តាមរយៈតេឡេក្រាមនេះ ឬតាមរយៈលេខទូរស័ព្ទ ០១២ ៤៥៦ ៤៥៨។ អ្នកស្នើសុំត្រូវនាំយកឯកសារច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់ជាមួយមន្ត្រីទទួលបន្ទុក រួមមាន សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ ច្បាប់ដើម និងច្បាប់ថតចម្លងមានបញ្ជាក់ពីពីអង្គភាពដែលចេញសញ្ញាបត្រ សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នពាក់ព័ន្ធច្បាប់ដើម (ជាភាសាអង់គ្លេស) ព្រឹត្តិបត្រពិន្ទុច្បាប់ដើម (ជាភាសាអង់គ្លេស) លិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅគ្រប់ឆ្នាំអំឡុងពេលសិក្សា របាយការណ៍ស្រាវជ្រាវ (ចំណងជើង មាតិការ ខ្លឹមសារសង្ខេប ឯកសារយោង (បើសិនជាមាន) លិខិតបញ្ជាក់ទីលំនៅ (សម្រាប់ជនជាតិបរទេស)។ ដើម្បីឱ្យដំណើរការបញ្ជាក់សញ្ញាបត្រពីក្រៅប្រទេសកាន់តែមានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើសាមីជនដែលបានដាក់ពាក្យស្នើសុំ មេត្តាផ្តល់គ្រប់ឯកសារពាក់ព័ន្ធទាំងឡាយ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





