ក្នុងឆ្នាំ២០២៥ ការប្រមូលចំណូលពន្ធ និងអាករ មានប្រមាណជាង ៣ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ការប្រមូលចំណូលពន្ធនិងអាករចំនួន ១២ ៧៦០,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣ ១៨១,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តន៍បន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងថា កត្តាសំខាន់ដែលចូលរួមដល់កំណើននៃចំណូលប្រមូលបានក្នុងឆ្នាំ២០២៥ គឺការកើនឡើងនៃការនាំចូលក្រុមទំនិញយានយន្ត និងគ្រឿងចក្រ ដែលជាចំណូលមានកំណើន ៤៤% និងក្រុមទំនិញចម្រុះ ដែលជាចំណូលមានកំណើន ១៦%។ ឯកឧត្ដមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីបានបញ្ជាក់ផងដែរថា បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤០,៥%, អាករពិសេសមានប្រមាណ ៣៥,៥%, ពន្ធគយមានប្រមាណ ១៥,៧%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៣,៦%, និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,៨%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញយានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,៨%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,៦%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២២,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៩%។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានអះអាងថា បន្ថែមពីលើការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា៖ ១). ការធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, ២). ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជនមានអនុលោមភាពខ្ពស់, ៣). ការពង្រឹងការងារបច្ចេកទេសគយ, ៤). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការអនុវត្តច្បាប់, ៥). កិច្ចសហការជាមួយផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ, ៦). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, ៧). កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ, ៨). ការចូលរួមកសាងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ, ៩). ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន និង ១០). ការងារសង្គម និងមនុស្សធម៌៕

ដោយ៖ រិទ្ធី រូបថត៖ អ៊ុង ហុងលៀង





