ក្រសួងការងារ បន្តពង្រឹងសមត្ថភាពអធិការការងារ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦---
វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “បច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីអធិការការងារនៅថ្នាក់កណ្តាល និងថ្នាក់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្តទាំង ២៥ សរុបជាង ២៧០នាក់ ។

វគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់ក្រុមអធិការការងារថ្នាក់ក្រសួង ថ្នាក់មន្ទីរ និងក្រុមចម្រុះ ដែលត្រូវបានចាត់តាំងសម្រាប់ការចុះធ្វើអធិការកិច្ចការងារ ដើម្បីបន្តលើកកម្ពស់ការធ្វើអធិការកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១ថ្ងៃ ដោយផ្តោតលើប្រធានបទសំខាន់ចំនួន២ គឺ (១)បច្ចេកទេសអធិការកិច្ចការងារ និង(២) ការធ្វើអធិការកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសយុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះមុំទី១ កំណត់អំពីការអភិវឌ្ឍទីផ្សារការងារ ដែលផ្តោតអាទិភាពលើការពង្រឹងអនុលោមភាព ការបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ការធ្វើវិជ្ជាជីវូបនីយកម្មអធិការការងារ ការជំរុញ និងការពង្រឹងយន្តការអធិការកិច្ចអន្តរស្ថាប័ន។

បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើដល់សិក្ខាកាមដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាអធិការការងារ ប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ដែលជាគោលការណ៍គ្រឹះសម្រាប់អធិការការងារ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





