ក្រសួងមហាផ្ទៃពិភាក្សាអំពីការបង្កើតប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទទួលសំណើ សំណូមពរ និងពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦-- គម្រោងស្តីពីការបង្កើតប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទទួលសំណើរ សំណូមពរ និងពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ត្រូវបានលើកយកមកធ្វើការពិនិត្យ និងពិភាក្សា នាកិច្ចប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការដឹកនាំកិច្ចប្រជុំដោយឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្តីទីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបថា ការបង្កើតឱ្យមានប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទទួលសំណើរ សំណូមពរ និងពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនេះ គឺដើម្បីជួយបង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក្នុងការផ្តល់នូវដំណឹង ព័ត៌មាន សំណើរ សំណូមពរផ្សេងៗ ព្រមទាំងពាក្យបណ្តឹងនានាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ពោលគឺធ្វើយ៉ាងណាឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយដើរតាមសម័យបច្ចេកវិទ្យាឌីជីថល៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ)





