វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកសិកម្ម និងជីវភាពប្រជាជនឱ្យមានភាពធន់
AKP ឧត្តរមានជ័យ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦-- ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការជំរុញវិស័យកសិកម្មឱ្យដើរទាន់សន្ទុះនៃទីផ្សារ និងការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុង គឹមឡេង អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ផែនទីបង្ហាញផ្លូវខ្សែច្រវ៉ាក់តម្លៃ។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយ «គម្រោងគុជ» (ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប) ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ មានរយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី០៩ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៦)។

លោក អ៊ុង គឹមឡេង បានលើកឡើងពីគោលបំណងសំខាន់ៗនៃវគ្គបណ្ដុះបណ្ដាលនេះថា ជាការកសាងគ្រូបង្គោលជំនាញ ដោយបានបណ្តុះបណ្តាលមន្ត្រីកសិកម្ម និងអង្គការដៃគូឱ្យយល់ច្បាស់ពីការរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិផល។ ទន្ទឹមនោះក៏ជាការតភ្ជាប់ផ្នែក កសិកម្មភាតរបរិស្ថាន ដែលជំរុញការផលិតដែលមិនប៉ះពាល់ដល់បរិស្ថាន និងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីបង្កើនទិន្នផល និងគុណភាព។ បន្ថែមលើនេះ ភាពធន់នៃជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនសមត្ថភាពដល់កសិករក្នុងសហគមន៍ឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រកួតប្រជែងលើទីផ្សារបានយ៉ាងប្រសើរ។

លោកបានបន្ថែមថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់រដ្ឋបាលក្រុងសំរោង ក្នុងការយកមកផ្សព្វផ្សាយ និងណែនាំបន្តដល់អ្នកបច្ចេកទេស និងមន្ត្រីកសិកម្មនៅតាមបណ្ដាសង្កាត់នីមួយៗ សំដៅជួយសម្របសម្រួល និងជំរុញសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនកសិករក្នុងក្រុងសំរោង ឱ្យកាន់តែមានវឌ្ឍនភាពនិងនិរន្តរភាព៕

ដោយ ទិត ស្រ៊





