យុវជនកាកបាទក្រហមកម្ពុជាទទួលវគ្គបណ្ដុះបណ្តាលអំពីប្រវត្តិចលនាកាកបាទក្រហម គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម
AKP កំពង់ធំ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦-- សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម ទៅដល់យុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន៥៤នាក់ (ស្រីចំនួន៤៤នាក់) ដោយមានការអញ្ជើញចូលរួមពីលោក ខាត់ ញ៉េស តំណាងលោក វណ្ណ: សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក លោកស្រី ឡេង សុឃីម នាយិការងសាខា លោក លោកស្រី មន្ត្រីក្រុមប្រត្តិបត្តិមន្ត្រីអនុសាខានិងមន្រ្តីការិយាល័យអប់រំស្រុកសន្ទុក។

លោកស្រី ឡេង សុឃីម នាយិការងសាខាបានលើកឡើងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណង ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងដើម្បីជួយសង្គ្រោះជនរងគ្រោះបានត្រឹមត្រូវទៅតាមបច្ចេកទេសហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូននិងសហគមន៍រៀងៗខ្លួន។

លោក ខាត់ ញ៉េស បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនចំពោះប្អូនៗ និងក្មួយៗទាំងអស់ដោយក្តីនឹករឭកបំផុតនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក៍ដូចជាវគ្គបណ្ដុះបណ្ដាលនេះផងដែរ។

លោក ខាត់ ញ៉េស បានផ្តល់នូវអនុសាសន៍សំខាន់មួយចំនួនដល់ប្អូនៗនិងក្មួយទាំងអស់ដែលជាកម្លាំងចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា និងជាទំពាំងស្នងឫស្សីរបស់សង្គមជាតិ។
សម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជា៖ ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមគោលការណ៍គ្រិះ ការប្រើប្រាស់បដិរូបសន្លប់បាត់បងស្មារតី (មានដង្ហើម) ការធ្វើ CPR (មនុស្សពេញវ័យ កុមារ ទារក) ស្លាក់ (មនុស្សពេញវ័យ កុមារ ទារក វិធានការការពារជំងឺមិនឆ្លងធំទាំង៤ប្រភេទ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាបន្ន៕
ដោយ ស៊ុម វណ្ណា





