អាជ្ញាធរខេត្តបន្ទាយមានជ័យ អមដំណើរប្រតិភូ ICRC ចុះពិនិត្យផលប៉ះពាល់ និងស្វែងយល់ពីសុខទុក្ខពលរដ្ឋនៅតំបន់ព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦--ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងពិនិត្យមើលស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្ទាយមានជ័យបានដឹកនាំក្រុមប្រតិបត្តិសាខា ចុះសម្របសម្រួល និងអមដំណើរប្រតិភូនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ក្នុងបេសកកម្មមនុស្សធម៌ចុះពិនិត្យផលប៉ះពាល់ក្នុងតំបន់ធ្លាប់មានជម្លោះព្រំដែន។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញចុះទៅកាន់ចំណុចសំខាន់ៗ រួមមានតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ក្នុងស្រុកអូរជ្រៅ។

គោលបំណងសំខាន់នៃបេសកកម្មនេះ គឺដើម្បីវាយតម្លៃលើផលប៉ះពាល់ដែលនៅសេសសល់ក្រោយជម្លោះព្រំដែននាពេលកន្លងមក និងពិនិត្យមើលតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោក ឃ្លោក នួយ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយឡើយ។ លោកបានបញ្ជាក់ថា ការចុះមកពិនិត្យផ្ទាល់ជាមួយដៃគូអន្តរជាតិ ICRC នាពេលនេះ គឺដើម្បីធានាថា ប្រជាពលរដ្ឋរបស់យើងដែលរស់នៅតំបន់ព្រំដែន ទទួលបានការគាំពារ និងការយកចិត្តទុកដាក់លើផ្នែកស្មារតី ក៏ដូចជាជីវភាពរស់នៅ បន្ទាប់ពីឆ្លងកាត់ការលំបាកដោយសារតែសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជាដែលបានបន្សល់ទុកនូវភាពឈឺចាប់របស់ប្រជាពលរដ្ឋនៅតាមព្រំដែន។

ទន្ទឹមនឹងនោះ តំណាងប្រតិភូ ICRC ក៏បានបង្ហាញនូវការកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដែលបានបង្កលក្ខណៈងាយស្រួលដល់ការចុះបំពេញការងារមនុស្សធម៌នេះ ដើម្បីរួមចំណែកផ្តល់ភាពកក់ក្តៅ និងជួយដល់ជនងាយរងគ្រោះឱ្យមានជីវភាពប្រសើរឡើង។
តាមរយៈការចុះពិនិត្យនេះ សាខាកាកបាទក្រហមខេត្ត និងអង្គការ ICRC នឹងធ្វើការបូកសរុបលទ្ធផល ដើម្បីរៀបចំផែនការការងារបន្ត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសង្គមកិច្ច និងសកម្មភាពមនុស្សធម៌ផ្សេងៗ សំដៅប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





