ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីតាំងជម្រកបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦--ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយនាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន ជូនដល់ប្រជាពលរដ្ឋភៀសសឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំទីតាំងជម្រកបណ្តោះអាសន្ននេះ គឺធ្វើឡើងដើម្បីបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ ដែលធ្វើឱ្យបងប្អូនមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។ ការចុះពិនិត្យនេះផ្តោតសំខាន់ទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ការឈូសឆាយ និងរៀបចំដី ដើម្បីធានាបាននូវទីតាំងរាបស្មើ សុវត្ថិភាព និងមិនមានការលិចទឹក។ ការរៀបចំប្រព័ន្ធទឹក-ភ្លើង បង្កលក្ខណៈងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ការសាងសង់ជម្រក ការរៀបចំគ្រោងបង្គុំជម្រកឱ្យមានភាពរឹងមាំ អាចការពារកម្តៅថ្ងៃ និងទឹកភ្លៀងបានល្អ។ "យើងត្រូវធានាថា ប្រជាពលរដ្ឋដែលរងគ្រោះ នឹងមានកន្លែងស្នាក់នៅសមរម្យ មានសុវត្ថិភាព និងទទួលបានការផ្គត់ផ្គង់ស្បៀងអាហារ ក៏ដូចជាសេវាសុខាភិបាលបានទាន់ពេលវេលាបំផុត"។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម។

ជាមួយគ្នានោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកងវិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ការរៀបចំនេះឱ្យបានឆាប់រហ័សបំផុត ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅចំពោះមុខ៕

ដោយ ឈុន សារ៉ាត





