ព្រះទេពសត្ថា សៀង សុខ ដឹកនាំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅស្រុកប្រាសាទសំបូរ
AKP កំពង់ធំ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦-- ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ និងលោក ម៉ាន់ សារ៉ាត អភិបាលរងស្រុកប្រាសាទសំបូរ បាននិមន្ត និងអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅវត្តសម្បូរណ៍ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានសមាសភាពចូលរួមចំនួន៤៤៧អង្គ/នាក់។

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ របស់សាលាគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្ត បានអនុវត្តគោលការណ៍របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា បានដាក់ចុះមកប្រកបដោយមោទកភាពវិស័យព្រះពុទ្ធសាសនាខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ម៉ាន់ សារ៉ាត អភិបាលរងស្រុកប្រាសាទសំបូរ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនថ្វាយដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងអង្គពិធីទាំងមូលដោយក្តីនឹករលឹកនិងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនោះទេ គឺពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា ព្រោះថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានលើកឡើងថាការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាពិសេសទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងវិស័យព្រះពុទ្ធសាសនាដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផងបន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផងនិងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។
ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាថា វិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង មានការងារច្រើនទៀតដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីពង្រឹងគុណភាពបន្ថែមទៀតដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជនជាប្រវត្តិសាស្ត្រនិងបទពិសោធន៍ បង្ហាញឱ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានិងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីកាផ្តាំផ្ញើដល់មន្ត្រីសង្ឃគ្រប់ឋានានុក្រមត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់។បន្តការពង្រឹងគុណវុឌ្ឍិ តាមរយៈ វគ្គសង្ឃាភិបាលដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី/ភារកិច្ច៕
ដោយ ស៊ុម វណ្ណា





