ក្រសួងទេសចរណ៍នឹងស្នើសុំឱ្យមានការចុះបញ្ជីមុខម្ហូបខ្មែរជាផ្លូវការដើម្បីប្រើ្រប្រាស់ជាអត្តសញ្ញាណជាតិសម្រាប់ការផ្សព្វផ្សាយវិស័យទេសចរណ៍ នៃម្ហូបអាហារ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦–រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានស្នើសុំឱ្យរដ្ឋបាលរាជធានីខេត្តពិសេសមន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ ត្រូវយកមុខម្ហូបតំណាងខេត្តនីមួយៗយ៉ាងហោចណាស់ឱ្យបានចំនួន២មុខឬខេត្តខ្លះច្រើនជាងនេះក៏កាន់តែល្អប្រសើរ ដើម្បីយកទៅធ្វើមុខម្ហូបប្រចាំខេត្ត សម្រាប់ដាក់ទទួលទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ជាមួយគ្នារដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏សុំកិច្ចសហការជាមួយរដ្ឋបាលរាជធានីខេត្តដើម្បីជំរុញមុខម្ហូបទាំងនេះឱ្យបានជោគជ័យសម្រាប់បម្រើលើវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាទាក់ទាញវិស័យទេចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦នារសៀលថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងអំពីក្រសួងនឹងបង្កើតឱ្យមានក្រុមការងារអន្តរក្រសួង ,ស្ថាប័ន និងវិស័យឯកជនដើម្បីជំរុញការទូតម្ហូបអាហារ។

ទោះបីយ៉ាងណាក្តី រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថាកន្លងមកការទូតម្ហូបអាហារកម្ពុជាមានហើយ នៅតែក្រសួងទេសចរស្នើសុំ បញ្ចូលបន្ថែមប៉ុណ្ណោះ។ជាមួយគ្នាក្រសួងនឹងស្នើសុំឱ្យមានការចុះបញ្ជីមុខបញ្ជីម្ហូបខ្មែរជាផ្លូវការដើម្បីប្រើ្រប្រាស់ជាអត្តសញ្ញាណជាតិសម្រាប់ការផ្សព្វផ្សាយវិស័យទេសចរណ៍ នៃម្ហូបអាហារ។ក្នុងនេះមានដូចជាសម្លរកកូរ ហហ្មុក នំបញ្ចុក គុយទាវភ្នំពេញ បាយស្រូប បាយស្រូប បាយសាច់ជ្រូកអាំងស្រូបខ្លាញ់ ឬមួយក៏មុខម្ហូបផ្សេងទៀត។មុខម្ហូបទាំងនេះក្រសួងនឹងឱ្យចងក្រង ជាមុខម្ហូបខ្មែរ ហើយដាក់បម្រើលើវិស័យទេសចរណ៍។មុខម្ហូបទាំងនេះធូរថ្លៃផងក្នុងនេះមិនថាជា លតឆា បបរមាន់ បបរឈាមជ្រូក នំក្រឆាយសុទ្ធសឹងជាមុខម្ហុបរសជាតិឆ្ងាញ់ពិសារជាប់ចិត្ត។

ឯកឧត្ត ហួតហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានលើកឡើងពីការ បើកភោជនីយដ្ឋានម្ហូបខ្មែរនៅបរទេសឱ្យបានកាន់តែច្រើន។ការធ្វើបែបនេះ ដើម្បីឱ្យគេស្គាល់ម្ហូបអាហារខ្មែរ និងពិសេសមានការដាក់តាំងបង្ហាញតំបន់ទេសចរណ៍ដ៏មានសក្តានុពលដើម្បីទាក់ទាញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅដល់ពិភពលោក ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការក្រសួងទេសចរណ៍នាដើមសប្តាហ៍នេះបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ៥,៥៧ លាននាក់ ថយចុះ ១៦,៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមភ្ញៀវសំខាន់ៗមានដូចជា វៀតណាមចំនួន ១,២២ លាននាក់ ថយចុះ ៨,៨ភាគរយ, ចិន ១,២ លាននាក់ កើន ៤១,៥ភាគរយ, ថៃ ១,០២ លានាក់ ថយចុះ ៥២,៤ភាគរយ, អាមេរិក ២០៦ ៧៩១ នាក់ ថយចុះ ៣,៦ភាគរយ និងកូរ៉េខាងត្បូង ១៥២ ៥៩៨ នាក់ ថយចុះ ២០,៦ភាគរយ។
ក្រសួងទេសចរណ៍ឱ្យដឹងដែរថា ក្នុងចំណោមភ្ញៀវអន្តរជាតិទាំង ៥,៥៧ លាននាក់ គឺមកតាមផ្លូវអាកាស ២,៨៦ លាននាក់ កើន ១៩,២ភាគរយ ផ្លូវគោក ២,៦២ លាននាក់ ថយចុះ ៣៧,៨ភាករយ និងផ្លូវទឹក ៨៩ ៧៣១នាក់ កើនឡើង ៦,៣ភាគរយ៕
ដោយ៖មករា





