ផ្ទះឈើប្រក់ក្បឿង ៤ខ្នង និងផ្ទះតៀមផ្ទាល់ដី១ ត្រូវភ្លើងឆេះអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយក្រុមការងារ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនពលរដ្ឋ៣គ្រូសារ ក្នុងឃុំស្វាយទាប ស្រុកចំការលើ ដែលរងគ្រោះភ្លើងឆេះផ្ទះអស់ទាំងស្រុង កាលពីថ្ងៃទី០២ ថ្ងៃទី០៣ និងថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៦ ដោយសារឆ្លងចរន្តអគ្គិសនី។

ឯកឧត្តម ទូច ឆៃ បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុដែលកើតឡើងស្មានមិនដល់នេះដែល នាំឱ្យខូចខាតទាំងលំនៅឋាន បាត់បង់ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់។

ឯកឧត្តមនាយកសាខាក៏បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។

ឯកឧត្តម ទូច ឆៃ បានថ្លែងនូវសារអប់រំជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងធូប ទៀន ចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យស្អាត៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ តាមទិសស្លោក "ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី"។
អំណោយមនុស្សធម៌ ដែលផ្ដល់ជូនក្នុង១គ្រួសារទទួលបាន អង្ករ ៥០គក្រ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេស តង់ធំ២ ឃីត២ (មុង ភួយ សារុង ក្រម៉ា) និងថវិកាចំនួន ១,០០០,០០០រៀល៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





