ក្រសួងបរិស្ថានគាំទ្រការរៀបចំបុណ្យព្រៃឡង់ក្រោមម្លប់សន្តិភាព ដើម្បីបង្កើនការចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងការបង្កើនភាពបៃតងនៅក្នុងតំបន់ការពារធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងគាំទ្រដល់ការបង្កើតឱ្យមានពិធីបុណ្យព្រៃឡង់ ក្រោមម្លប់សន្តិភាព ដែលគ្រោងរៀបចំនៅក្នុងដែនជម្រកសត្វព្រៃ “ព្រៃឡង់” នាថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងឱកាសទទួលជួប ឯកឧត្តម សូ សុភ័ក្រ ប្រធានក្រុមការងារសប្បុរសធម៌សម្តេចតេជោ និងសហការី នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការប្រារព្ធពិធីនេះនឹងជួយពង្រឹងការចូលរួមបន្ថែមទៀត ពីអ្នកពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញសកម្មភាពបង្កើនគម្របបៃតង ឱ្យបានប្រសើរឡើងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍គាំទ្រផងដែរដល់ការអភិវឌ្ឍន៍ជីវភាពសហគមន៍ ដោយក្រសួងបរិស្ថានលើកទឹកចិត្តឱ្យសហគមន៍មានជម្រើសមុខរបរថ្មី ដែលជួយឱ្យជីវភាពល្អប្រសើរ ដូចជាជំរុញការដាំស្តារព្រៃឈើ ការអភិវគោដៅលម្ហែបៃតង និងការដាំស្មៅយក្ស (King Grass) ដែលអាចប្រើប្រាស់ជំនួសអុសដុត និងជួយដល់កាត់បន្ថយតឱ្យឧស្សហកម្ម ដែលប្រើប្រាស់ថាមពល ដោយការដុតអុស ហើយសហគមន៍ក៏មានចំណូល និងមិនប៉ះពាល់ដល់ធនធានធម្មជាតិ។

សូមបញ្ជាក់ថា ពិធីបុណ្យព្រៃឡង់ គ្រោងរៀបចំឱ្យមានពិធីសាសនា សែនព្រេន ម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា បំបួសដើមឈើ ការសំដែងសិល្បៈ និងពិធីជួបជុំ ធ្វើការប្តេជ្ញាចិត្តគាំទ្រ ដល់ការការពារនិង អភិរក្សធនធានធម្មជាតិ ផងដែរ។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មានសសរស្តម្ភ៣នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះ «ភាពបៃតង» ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការគ្រប់គ្រងធនធានធម្មជាតិ ដោយផ្តោតលើផែនការយុទ្ធសាស្រ្តជាអាទិភាពរួមមាន៖ ១) ពង្រឹងការអនុវត្តច្បាប់ និងបន្តសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ ២) បង្កើនគម្របបៃតង ដោយក្រសួងបរិស្ថាននៅតែបន្តការបណ្តុះផ្នត់គំនិត«ពន្លកបៃតង» សកម្មភាពចែក និងដាំកូនឈើឱ្យបានច្រើន។ កន្លងមកក្រសួងបរិស្ថាន បានចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនូវកូនឈើ នៅឆ្នាំ២០២៥ បានជាង ៣,៤(បីក្បៀសបួន)លានដើម យកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា។ ក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថានគ្រងនឹងចែកកូនឈើចំនួន៥លានដើម។ ៣) អភីវឌ្ឍន៍ជីវភាពសហគមន៍ តាមរយៈការជួយបង្កើតមុខរបរ និងភាពជាម្ចាស់លើគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជួយលើកកម្ពស់ជីវភាពរបស់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





