ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពលេខាធិការដ្ឋានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) នៅទីស្នាក់ការកណ្តាលសមាគម ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨០ ដែលមានភារកិច្ចប្រមូលផ្តុំ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកិច្ចសហប្រតិបត្តិការជាឧត្តមប្រយោជន៍ដល់អតីតយុទ្ធជន រួមទាំងអ្នករងរបួស និងក្រុមគ្រួសារ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ពិធីនេះក៏មានការអញ្ជើញពីថ្នាក់ដឹកនាំសមាគម និងប្រធានគណៈជំនាញពាក់ព័ន្ធ ដើម្បីទទួលសេចក្តីសម្រេចបែងចែកសមាសភាពរបស់លេខាធិការដ្ឋាន និងក្រុមការងារដែលបានប្រគល់តួនាទី និងភារកិច្ចអនុវត្តរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ក្នុងនាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) នាពេលខាងមុខ៕

ដោយ ណយ នឿន (ប្រភព៖ សមាគមអតីតយុទ្ធជន)





