រដ្ឋមន្ត្រីក្រសួងអប់រំកោតសរសើរចំពោះសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់របស់វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់របស់វិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបងក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមជាមួយក្រសួងក្នុងការអនុវត្តកម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ជាពិសេសការប្រែក្លាយវិទ្យាស្ថានគរុកោសល្យបាត់ដំបងជាគ្រឹះស្ថានអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ប្រកបដោយឧត្តមភាព។

ការកោតសរសើរ និងការវាយតម្លៃរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងការប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានជំនាន់ទី១៣ និងវិញ្ញាបនបត្រគរុកោសល្យជូនលោកគ្រូ អ្នកគ្រូជាសិក្ខាកាមកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះការលើកទិសដៅការងារបន្តរបស់វិទ្យាស្ថានសម្រាប់ឆ្នាំ២០២៦ ក្នុងការបន្តកសាងឧត្តមភាពកម្មវិធីអប់រំគ្រូបង្រៀនដែលមានភាពឆ្លើយតបនឹងភាពធន់ ការកសាងប្រព័ន្ធអភិបាលកិច្ចវៃឆ្លាត និងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ការស្រាវជ្រាវ-នវានុវត្តន៍ ជាពិសេសការបន្តគាំទ្រដល់គ្រឹស្ថានសិក្សាផ្សេងៗទៀត ក្នុងការអនុវត្តស្តង់ដាសាលាគរុកោសល្យគំរូ និងសាលារៀនគំរូ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរចំពោះដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងសមត្ថភាពវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដើម្បីបំពេញបន្ថែមពីលើអ្វីដែលបានគាំទ្រដោយទីភ្នាក់ងារJICA។
ដើម្បីជំរុញល្បឿនកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនបន្ថែម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ណែនាំដល់វិទ្យាស្ថានគរុកោសល្យបាត់ដំបង សម្រាប់ទិសដៅការងារបន្តឆ្នាំ២០២៦ រួមមាន បន្តយកចិត្តទុកដាក់លើកកម្ពស់ធនធានគ្រូឧទ្ទេស តាមរយៈការជ្រើសរើសអ្នកដែលមានសមត្ថភាពដើម្បីបំពេញការងារនៅវិទ្យាស្ថាន។ បន្តធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងទំនើបកម្មវិធីសាស្រ្តបង្រៀន ដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលគ្រូសតវត្សរ៍ទី២១ ពិសេសបញ្ជ្រាបការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យាអប់រំថ្មីៗ ក្នុងការរៀន និងបង្រៀន។

ពង្រីកវិសាលភាពនៃកម្មវិធីបណ្ដុះបណ្ដាលដំបូង និងកម្មវិធីវិក្រឹតការគ្រូបង្រៀន ពិសេសកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនដែលបញ្ចប់ការសិក្សាតាមរយៈប្រព័ន្ធ១២+២ ឱ្យទទួលបានកម្រិតបរិញ្ញាបត្រ។ លើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងនវានុវត្តន៍ (R&I culture) ក្នុងចំណោមគ្រូឧទ្ទេស និងគរុនិស្សិត។ បន្តពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុង និងការទទួលស្គាល់គុណភាពអប់រំទាំងក្នុងកម្រិតគ្រឹះស្ថាន និងកម្មវិធីការកសាងប្រព័ន្ធលើកទឹកចិត្តបុគ្គលិក យន្តការតាមដានវាយតម្លៃ (M&E) យន្តការអធិការកិច្ចការរៀន បង្រៀន និងការអនុវត្តកម្មវិធីរង្វាយតម្លៃលទ្ធផលការងាររបស់បុគ្គលិក។ បន្តពង្រីកវិសាលភាពកម្មវិធីបំប៉នសមត្ថភាពក្នុងចំណោមគ្រូឧទ្ទេស (ក្រុមគ្រូជួយគ្រូ) គរុនិស្សិត (ក្លឹបសិក្សាក្រៅម៉ោង) បន្តពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីពង្រឹងគុណភាពអប់រំគ្រូ និងគោលនយោបាយអន្តរជាតូបនីយកម្មជាដើម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





