សន្និសីទស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦-- ដោយបានទទួលចំណារឯកភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ (28th ADEC) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦។
គោលបំណងសំខាន់របស់កិច្ចប្រជុំគឺការផ្លាស់ប្តូរព័ត៌មាន បច្ចុប្បន្នភាពស្ថានភាពគ្រឿងញៀន ការដកស្រង់បទពិសោធន៍របស់មន្ត្រីអនុវត្តច្បាប់ លើការងារបង្ក្រាបបទល្មើសគ្រឿងញៀន និងពង្រឹងកិច្ចសប្រតិបត្តិផ្នែកអនុវត្តច្បាប់។
សន្និសីទស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នេះមានការចូលរួមពីមន្ត្រីប្រមាណ៦០នាក់ មកពីប្រទេសចំនួន៣០ និងអង្គការអន្តរជាតិចំនួន៤ (UNODC, INCB, INTERPOL, RILOAP) រួមជាមួយមន្ត្រីនគរបាលជប៉ុនប្រមាណ៣០រូប៕


ដោយ សំ សាម៉ន (ប្រភព៖ មន្ទីរប្រឆាំងគ្រឿងញៀន)





