ក្រសួងអប់រំគាំទ្រការរៀបចំព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិ «ពានរង្វាន់ច្នៃប្រឌិត និងនវានុវត្តន៍អន្តរជាតិរបស់ក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦-- លោកជំទាវបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក Antonius Malem Barus សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) អង្គការ STEM កម្ពុជា ព្រមទាំងដៃគូសហការ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នាពីការរៀបចំព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិ «ពានរង្វាន់ច្នៃប្រឌិត និងនវានុវត្តន៍អន្តរជាតិ (International Creativity and Innovation Award-ICIA) 2026» ដែលនឹងរៀបចំឡើងនៅសាលាអន្តរជាតិផារ៉ាហ្កន រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ដល់ទី២៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។


កម្មវិធីពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិនេះគឺជាវេទិការៀនសូត្រសម្រាប់កុមារ និងយុវជនដែលមានសក្តានុពលលើភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងទម្រង់ជាការសហការ និងប្រកួតប្រជែង។ កម្មវិធីនេះ ជាគំនិតផ្តួចផ្តើមមួយត្រូវបានដាក់បញ្ចូលក្នុងទិវាភាពច្នៃប្រឌិត និងនវានុវត្តន៍ពិភពលោក (World Creativity and Innovation Day – WCID) ដែលបានផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅកម្រិតអន្តរជាតិ។ ក្រោមកម្មវិធីពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិ (ICIA) អ្នកចូលរួមនឹងទទួលបានឱកាសសិក្សា និងអភិវឌ្ឍន៍សក្តានុពលរបស់ខ្លួន តាមរយៈសកម្មភាពណែនាំ និងបណ្តុះបណ្តាលផ្សេងៗ រួមមាន ការចូលរួមសិក្ខាសាលាតាមអនឡាញ ការបង្កើតដំណោះស្រាយថ្មីៗសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការបង្កើតបណ្តាញទំនាក់ទំនង និងការបង្ហាញស្នាដៃទៅកាន់អ្នកជំនាញ និងគណៈកម្មការអន្តរជាតិ។ បទពិសោធន៍ទាំងនេះនឹងក្លាយជាមូលធនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសមត្ថភាពនវានុវត្តន៍របស់អ្នកចូលរួមឱ្យឈានទៅកម្រិតខ្ពស់ជាងមុន និងបន្តចូលរួមលើឆាកអន្តរជាតិនាពេលអនាគត។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិតអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម ក្នុងការនាំមកនូវគំនិតផ្តួចផ្តើមដ៏ល្អនេះដល់វិស័យអប់រំកម្ពុជា។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិតអនុរដ្ឋលេខាធិការបានសម្តែងការគាំទ្រ សហការ និងបានផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តិការណ៍ពានរង្វាន់ច្នៃប្រឌិត និងនវានុវត្តន៍អន្តរជាតិនេះសម្រេចបានដោយជោគជ័យ ដោយរំពឹងថា លទ្ធផលនៃកម្មវិធីនេះនឹងជំរុញដល់ការបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ និងសកលលោក ការកសាងធនធានអ្នកវិទ្យាសាស្ត្រ និងច្នៃប្រឌិតវ័យក្មេង និងការតភ្ជាប់រវាងប្រជាជនពីបណ្តាប្រទេសអាស៊ាន និងពិភពលោកផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





