ក្រុមហ៊ុនទេសចរណ៍កម្រិតពិភពលោករបស់កាណាដានឹងរៀបចំមហាសន្និបាត GX Summit ឆ្នាំ២០២៦ នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍កម្រិតពិភពលោកដែលមានទីស្នាក់ការ និងចុះបញ្ជីនៅប្រទេសកាណាដា និងមានការិយាល័យនៅជុំវិញពិភពលោកបានសម្រេចចិត្តរៀបចំមហាសន្និបាត GX Summit ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា តាមរយៈការជូនដំណឹងពីក្រុមហ៊ុនទេសចរណ៍កាណាដាលំដាប់ពិភពលោកដ៏ល្បីល្បាញ និងមានអាយុកាលជិត៤០ឆ្នាំ គឺក្រុមហ៊ុន G Adventures បានសម្រេចជ្រើសរើសប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ឆ្នាំ២០២៦ ដោយគ្រោងរៀបចំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ យោងតាមការផ្សាយរបស់ Travel Market Report បានបង្ហាញថា ការសម្រេចចិត្តនេះ គឺធ្វើឡើងដើម្បីជំរុញវិស័យទេសចរណ៍បែបសហគមន៍ឱ្យមានឥទ្ធិពលវិជ្ជមានខ្លាំងក្លាដល់សេដ្ឋកិច្ចមូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជាកំពុងស្ដារវិស័យទេសចរណ៍នេះយ៉ាងខ្លាំងក្រោយពីបញ្ហាប្រឈមធំៗកន្លងមក។
តាមសម្រង់សម្តីដើមរបស់លោក Bruce Poon Tip ដែលជាស្ថាបនិកក្រុមហ៊ុន G Adventures លោកបានលើកឡើងថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យ និងមានសុវត្ថិភាពបំផុត ប៉ុន្តែពិតណាស់ត្រូវការការគាំទ្របន្ថែម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈទេសចរណ៍។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងរៀបចំព្រឹត្តិការណ៍ GX Cambodia ចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយនឹងនាំមកនូវភ្នាក់ងារទេសចរណ៍ ដៃគូពាណិជ្ជកម្ម អ្នកបង្កើតមាតិកា និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មទេសចរណ៍ជុំវិញពិភពលោក មកជួបជុំគ្នានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីស្វែងយល់ពីវប្បធម៌ អរិយធម៌បុរាណ ប្រពៃណីទំនៀមទំលាប់ដ៏សម្បូរបែប និងជាកិច្ចគាំទ្រដល់គម្រោងសហគមន៍ទេសចរណ៍នានាដោយផ្ទាល់៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





