ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Flavio Bonetti តំណាងថ្មីនៃអង្គការយូណេស្កូ UNESCO ប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Flavio Bonetti តំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម Flavio Bonetti ដែលបានទទួលបេសកកម្មជាតំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងសូមជូនពរឯកឧត្តមទទួលបាននូវភាពជោគជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូន ឯកឧត្ដម Flavio Bonetti អំពីស្ថានភាពនៃការឈ្លានពានពីសំណាក់យោធាថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសការបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនានា និងប្រាសាទបូរាណខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។
ជាការឆ្លើយតប ឯកឧត្ដម Flavio Bonetti បានថ្លែងអំណរគុណចំពោះការជូនពរ និងសម្ដែងការព្រួយបារម្ភអំពីការខូចខាតប្រាសាទបុរាណ និងលំនៅឋានរបស់ប្រជាពលរដ្ឋ។


ក្នុងពិធីដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្ដម Flavio Bonetti ក៏បានពិភាក្សាគ្នាលើការងារបណ្តុះបណ្តាលធនធានមនុស្សឌីជីថល កិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាល verify និងថ្នាល DG SuperApp។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្ដម Flavio Bonetti ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតរវាងក្រសួង និង UNESCO៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





