សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខសម្រាលកូន ក្នុងមន្ទីរពេទ្យបង្អែកខេត្ត
AKP កំពង់ចាម ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦-- សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម ដឹកនាំដោយលោកជំទាវញូង ចរិយា អ៊ុន ចាន់ដា និងលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រែយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងឯកឧត្តម ទូច ឆៃ នាយកសាខា និងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត នាថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនភរិយាវីរកងទ័ពជួរមុខ លោកស្រី កាន ស្រីមុំ អាយុ ៣១ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ជាគ្រួសារមានប្តីឈ្មោះ ស៊ាន ហឿន ជាវីរកងទ័ព មានអាយុ ៥១ឆ្នាំ ឈរជើងនៅប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ ដែលបានឆ្លងទន្លេដោយវះកាត់បានកូនស្រី១នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។


ក្នុងឱកាសចុះសួរសុខទុក្ខ លោកជំទាវ ញូង ចរិយា បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុតពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារ និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង។


ក្នុងក្តីដ៏សែនរំភើបក្នុងឱកាសនោះ លោកស្រី កាន ស្រីមុំ ដែលជាភរិយាវីរយុទ្ធជន និងគ្រួសារ បានលើកដៃប្រណមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមិនទុកកូនចៅប្រុសស្រីចោល។ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជាជារៀងដរាប។

ចំពោះអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាជូនគ្រួសារយោធិនមាន ម្សៅ ទឹកដោះគោ សម្ភារខោអាវទារក ឃីត ស្ត្រី ១ឈុត ផ្លែឈើស្រស់ ១កន្ត្រក និង ថវិកាចំនួន ៥០០,០០០រៀលផងដែរ។ ជាមួយនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី បាននាំយកថវិកាឧបត្ថម្ភជូនចំនួន ៥០០.០០០រៀល និងលោកជំទាវ កុល ធារិន តំណាងរាស្រ្តមណ្ឌលកំពង់ចាម ថវិកាចំនួន ៤០០.០០០រៀល និងទឹកដោះគោស្រស់ សម្ភារ មាតា ទារក ផងដែរ៕
ដោយ ឆាយ ម៉ុត





