ឯកឧត្តម អ៊ុន ចាន់ដា៖ ឆ្នាំ២០២៥ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើន ៨,៣% ស្មើនឹង ៣ ០៧៣លានដុល្លារ
AKP កំពង់ចាម ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦-- ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម សម្រេចបានគឺមានកំណើន៨,៣% ស្មើនឹង៣ ០៧៣លានដុល្លារ ដែលមានវិស័យ៣ ដែលជាវិស័យដ៏មានសក្តានុពលក្នុងការធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ខេត្ត ក្នុងនោះវិស័យកសិកម្ម ទំហំសេដ្ឋកិច្ចចំនួន ១ ២០០លានដុល្លារ វិស័យឧស្សាហកម្មចំនួន ១ ០២៧លានដុល្លារ និងវិស័យសេវាកម្មចំនួន ៨៤៦លានដុល្លារ និងមានGDP មនុស្សម្នាក់ៗនឹងកើនដល់ ២ ៨៣០ដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កំណើនទំហំសេដ្ឋកិច្ចរបស់ខេត្តបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងស្អិតរមួត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាសាធារណៈ និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការរួមរួមកម្លាំងសរុបរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យខេត្តរបស់យើងបានសម្រេចបាន នូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។


ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំយុទ្ធសាស្ត្រកែទម្រង់ប្រកបដោយភាពប្រាកដប្រជា រដ្ឋបាលស្អាតស្អំ និងគិតគូរពីសុខមាលភាពសង្គមនាំឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើន អភិវឌ្ឍជាបន្តបន្ទាប់ទៀតដោយឥតឈប់ឈរ ហើយខេត្តកំពង់ចាម ក៏មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យស្រប ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលយើង៕

ដោយ ឆាយ ម៉ុត





