បុគ្គលិកក្រុមហ៊ុន KOMPONG DEWA RESORT ទទួលបានវគ្គបណ្តុះបណ្តាលបង្រៀនវិជ្ជាសង្គ្រោះបឋមពីសាខាកាកបាក្រហមខេត្ត
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦-- បុគ្គលិកក្រុមហ៊ុន KOMPONG DEWA RESORT នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ទទួលបានបណ្តុះបណ្តាលបង្រៀនវិជ្ជាសង្គ្រោះបឋមមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមហ៊ុន KOMPONG DEWA RESORT ក្នុងខេត្តព្រះសីហនុ ដោយមានបុគ្គលិកចូលរួមសុរបចំនួន ៣៩នាក់ ក្នុងនោះស្រី០៦នាក់។
លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា គោលបំណងបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនាពេលនេះ គឺចង់ឱ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនចេះប្រើប្រាស់នូវម៉ាស៊ីនវាយតម្លៃដំណើរការចង្វាក់បេះដូងឡើងវិញ (AED) Automated external defibrillator និងវិជ្ជាសង្គ្រោះបឋមមួយថ្មី ដើម្បីបំពេញការងារនៅក្នុងក្រុមហ៊ុននៅពេលដែលមានបញ្ហាគ្រោះថ្នាក់កើតឡើងដោយ ចៃដន្យក្នុងប្រការណាមួយ ទាំងក្នុងកន្លែងធ្វើការងារ ទាំងនៅក្នុងសហគមន៍ និងក្នុងក្រុមគ្រួសារផងដែរ។


ឆ្លៀតក្នុងឱកាសនោះ លោកនាយកសាខាកាកបាទក្រហមខេត្តព្រះសីហនុក៏បានធ្វើការផ្សព្វផ្សាយ ស្ដីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧បដិរូប និងបញ្ហាសុខភាពជូនដល់សិក្ខាកាម ដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងការថែទាំសុខភាពប្រចាំថ្ងៃរបស់ពួកគេ។

ចំពោះមេរៀនសំខាន់ៗដែលត្រូវបានលើកយកមកបង្រៀនមានដូចជា៖ ១. ការយល់ដឹងពីកាកបាទក្រហមក្នុងនោះ ប្រវត្តិគំនិត សមាសភាគរបស់ចលនា បដិរូប និងសញ្ញាសម្គាល់ គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិ និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ ២. វិជ្ជាសង្គ្រោះបឋមដើតួនាទីសំខាន់ដូចជា តួនាទីអ្នកសង្រ្គោះ គោលការណ៍គ្រឹះ សភាពស្ហុក សន្លប់បាត់ស្មារតី ការដាក់ដំណេកសុវត្ថិភាព វិបត្តិបាត់ផ្លូវដង្ហើម ការធ្វើCPR (AED) ស្លាក់ របួសស្រាល ធ្ងន់ ការហូរឈាម បាក់ឆ្អឹង និងការដឹកជញ្ជូនជនរងគ្រោះ។


លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា វគ្គបណ្តុះបណ្តាលរយពេលពីរថ្ងៃនេះ សិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រនូវមេរៀនថ្មីៗដែលក្រុមការងាររបស់យើងនិងធ្វើការបកស្រាយ និងពន្យល់ការអនុវត្តជាក់ស្តែងទទួលបាននូវចំណេះដឹងថែមទៀត៕
ដោយ ងូ សុមុនី





