រដ្ឋមន្រ្តីសុខាភិបាល៖ «ត្រូវប្រុងប្រយ័ត្នខ្ពស់ កុំឱ្យមានការរបូតជំងឺនីប៉ាស៍ ចូលក្នុងប្រទេសរបស់យើង ហើយការការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ត្រូវប្រុងប្រយ័ត្នខ្ពស់ កុំឱ្យមានការរបូតជំងឺនីប៉ាស៍ ចូលក្នុងប្រទេសរបស់យើង ហើយការការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»។
ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី ឯ.ក (CAIC) អញ្ជើញចុះពិនិត្យកាអនុវត្តការងារចត្តាឡីស័ក នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការ និងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លង វិទ្យាស្ថានជាតិសុខាភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្រ្តីចត្តាឡីស័ក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាស៍នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ច ក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យលើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសារធាណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនហើរហោះ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត។ ជាជំហានបន្ទាប់ត្រូវមានលំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ គិតតាំងការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។


ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលដែលបានចូលរួម និងត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព «ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





