អគ្គលេខាធិការដ្ឋាន នៃ ក្រសួងព័ត៌មានបង្ហាញសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅបន្តការងារឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ -- លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងព័ត៌មានបានបង្ហាញពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៥កន្លងមក និងបានបង្ហាញពីការលើកទិសដៅដើម្បីអនុវត្តន៍នូវផែនការបន្តក្នុងឆ្នាំ២០២៦ ដោយក្នុងចំណោមសមិទ្ធផលការងារសំខាន់ៗដែលអគ្គលេខាធិការដ្ឋានសម្រេចបានសម្រាប់ឆ្នាំ២០២៥ នោះគឺការធ្វើទំនើបកម្មចរន្តឯកសារ លិខិតរដ្ឋបាល ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន លោកជំទាវ ទេស ផល្លីន បានថ្លែងថា ក្នុងសមិទ្ធផលការងារឆ្នាំ២០២៥កន្លងមក អគ្គលេខាធិការដ្ឋាន បានធ្វើទំនើបកម្មចរន្តឯកសារ លិខិតរដ្ឋបាល ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច, ពង្រឹងយន្តការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស, ពង្រឹងយន្តការកៀគរចំណូលឱ្យកាន់តែប្រសើរឡើង, រៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធ”SARMIS ONLINE”។ ជាមួយគ្នានេះ អគ្គលេខាធិការក៏បានពង្រឹងទំនាក់ទំនង និងបន្តភាពជាដៃគូល្អជាមួយអង្គការ ស្ថាប័ន ដែលមានសក្តានុពល រៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ចំនួន ៦វគ្គ។

ចំពោះទិសដៅការងារឆ្នាំ២០២៦វិញ ត្រូវបានលោកជំទាវ ទេស ផល្លីន លើកឡើងថា នឹងបន្តរៀបចំ និងដាក់ចេញសៀវភៅមគ្គុទេសក៍គ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងព័ត៌មាន។ ទន្ទឹមនេះ បកប្រែ និងបោះពុម្ពសៀវភៅកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និង លើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ, ពិនិត្យឡើងវិញនូវការបែងចែកតួនាទីនិងភារកិច្ចជូនមន្ត្រីរាជការចំណុះអគ្គលេខាធិការដ្ឋាន, បន្តសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងឯកសារ រដ្ឋបាលរបស់ក្រសួងព័ត៌មាន, រៀបចំប្រព័ន្ធឌីជីថលសម្រាប់រក្សាទុករាល់ឯកសាររដ្ឋបាល និងសណ្តាប់ធ្នាប់ឯកសាររបស់ក្រសួងព័ត៌មាន។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការបានបន្ថែមថា អគ្គលេខាធិការដ្ឋាន រៀបចំប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងទិន្នន័យធនធានមនុស្សរបស់ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនិងទំនាក់ទំនងការទូត (រាជធានីភ្នំពេញ),វគ្គបណ្តុះបណ្តាលលើកិច្ចការងារពិធីការ បដិសណ្ឋារកិច្ច និងមន្ត្រីសម្របសម្រួល (Liaison Officers) (រាជធានីភ្នំពេញ)និងវគ្គបណ្តុះបណ្តុះបណ្តាលស្តីពីការរៀបចំផែនការសកម្មភាព និងការតាមដានត្រួតពិនិត្យនិងវាយតម្លៃ (រាជធានីភ្នំពេញ)។
យោងតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន នៃក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មន្រ្ដីរាជការក្រសួងព័ត៌មានសរុបចំនួន ២ ៧១៣នាក់ ដោយថ្នាក់ជាតិចំនួន ១ ៧៨១ នាក់ ក្នុងនោះមន្រ្ដីក្របខ័ណ្ឌចំនួន១ ០២០ នាក់ មន្រ្ដីគ្មានក្របខ័ណ្ឌចំនួន៧៦១នាក់។ ចំណែកថ្នាក់ក្រោមជាតិមានចំនួន ៩៣២ នាក់ ក្នុងនោះ មន្រ្ដីក្របខ័ណ្ឌមានចំនួន ៥០៥ នាក់ និងមន្រ្ដីគ្មានក្របខ័ណ្ឌចំនួន ៤២៧នាក់ ៕
ដោយ៖ មករា





