ឯកឧត្តម អ៊ុន ចាន់ដា៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams)
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តាមូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ទាំងអស់ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) ដើម្បីធានាឱ្យបានកុំឱ្យកើតមាននៅក្នុងខេត្តកំពង់ចាម រួមនឹងការពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានារក្សាឱ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីភាពសុខដុមរមនា ក្នុងការរស់នៅរបស់ប្រជាជនយើង។

ឯកឧត្តមអភិបាលខេត្តបានថ្លែងដូច្នេះក្នុងកិច្ចដឹកនាំប្រជុំអនុវត្តផែនការផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែមអនឡាញ (Online Scams) នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ ស្នងការរង និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយអនុវត្តតាមសារាចរណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែមអនឡាញ (Online Scams) ហើយនៅលើទឹកដីខេត្តកំពង់ចាមកុំឱ្យកើតមាននោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់បំផុតការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែម អនឡាញ (Online Scams) នៅតាមបណ្តាមូលដ្ឋានរបស់ខ្លួនពិសេសត្រូវពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានារក្សាឱ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ ដើម្បីភាពសុខដុមរមនារបស់ប្រជាជន និងត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕

ដោយ ឆាយ ម៉ុត





