រួមគ្នាដើម្បីដើរឆ្ពោះទៅមុខក្នុងការបន្តលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងត្រូវត្រៀមលក្ខណៈចល័ត ជាប់ជាប្រចាំដើម្បីឆ្លើយតបបានគ្រប់ពេលវេលា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦-- «រួមគ្នាដើម្បីដើរឆ្ពោះទៅមុខ ក្នុងការបន្តលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងត្រូវត្រៀមលក្ខណៈចល័ត ជាប់ជាប្រចាំដើម្បីឆ្លើយតបបានគ្រប់ពេលវេលា»។ នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ និងណែនាំសំខាន់ៗ ដោយត្រូវ៖ ១) ពង្រឹងការដឹកនាំកាងារ និងការប្រគល់ការងារទៅមន្ត្រីក្រោមឱវាទឱ្យមានប្រសិទ្ធិភាព ២) ត្រូវពង្រឹងសេវាសុខភិបាលក្នុងប្រទេសឱ្យមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការប្រើប្រាស់សេវាក្នុងស្រុក ៣) ថ្នាក់ដឹកនាំដែលពាក់ព័ន្ធត្រូវសហការ ដើម្បីការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការមូលដ្ឋានសុខាភិបាលដែលរងការប៉ះពាល់ពីការឈ្លានពានព្រំដែនកម្ពុជាពីកងទ័ពថៃ។


ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នាដើរឆ្ពោះទៅមុខ ដោយស្មារតីរឹងមាំ ភាពម្ចាស់ការ រក្សាបានភាពនឹងនរ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន ឆ្លើយតបយ៉ាងសកម្មតាមការវិវឌ្ឍន៍ ទោះបីស្ថិតក្នុងស្ថានភាពណា ក៏មន្រ្តីសុខាភិបាលត្រូវថែទាំ ពិនិត្យព្យាបាល និងនៅក្បែរប្រជាជនជានិច្ច។

សូមជម្រាបជូនថា កិច្ចប្រជុំទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





