ឯកឧត្តម ម៉ៅ សុផាន់ ប្រកាសតែងតាំងមុខតំណែងនាយទាហាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩
AKP ព្រះវិហារ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦-- នៅទីបញ្ជាការវរសេនាតូចលេខ៣៩៥ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានគណៈបញ្ជាការ ឯកភាពសមរភូមិទិសយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង នាយទាហានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានសម្ដែងមនោសញ្ចេតនា រំភើបរីករាយ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់ឯកឧត្តម នាយឧត្តមសេនីយ៍ និងប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង នាយទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍លេខ៩ មានសរុបចំនួន១១រូប ក្នុងនោះមុខតំណែងជាមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ចំនួន០២រូប មេញ្ជាការកងពលតូចអន្តរាគមន៍លេខ៩មានចំនួន០១រូប នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣មានចំនួន០១រូប មេបញ្ជាការរង នាយសេនាធិការ កងពលតូចលេខ៩មានចំនួន០១រូប នាយការិយាល័យ កងពលធំអន្តរាគមន៍លេខ៣មានចំនួន០២រូប មេបញ្ជាការវរសនាតូច កងពលតូចអន្តរាគមន៍លេខ៩មានចំនួន០៤រូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្ដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះវីរភាព អង់អាចក្លាហាន របស់យុទ្ធមិត្ត វីរយុទ្ធជន និងចូលរួមសួរសុខទុក្ខ យុទ្ធមិត្ត វីរយុទ្ធជន រងរបួស កំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យនានា និងចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំដល់ក្រុមគ្រួសារយុទ្ធមិត្ត វីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិ និងគោរពចំពោះដួងវិញ្ញាណក្ខន្ធរបស់យុទ្ធមិត្ត និងវីរយុទ្ធជន ដ៏អង់អាចក្លាហាន របស់យើងដែលបានតស៊ូយ៉ាងប្តូរផ្តាច់ ស៊ូក្រាញ់ននៀលលើសមរភូមិប្រយុទ្ធ ដោយបានលះបង់ សាច់ស្រស់ ឈាមស្រស់ បូជាអាយុជីវិត ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការការពារ បូរណភាពទឹកដី របស់យើងនាពេលកន្លងមកនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់យើង បានធ្វើអោយយើងតស៊ូបាន ទាំងនៅលើសមរភូមិប្រយុទ្ធ ជាក់ស្តែង និងមានប្រៀបទាំងនៅលើវិស័យកាទូត និងឆាកនយោបាយអន្តរជាតិ ពិសេសក្រោមការជួយឧត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចទាំងទ្វេ សម្តេចតេជោ និង សម្តេចធិបតី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា និងដោយមានការយកចិត្តទុកដាក់ ការគិតគូរជាប្រចាំពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត ក្នុងនាមសម្តេចទាំងទ្វេ បានជួយសម្រួល និងដោះស្រាយរាល់ការលំបាក និងតម្រូវការ ចាំបាច់របស់បណ្តាអង្គភាពទិសទី១ បានជាច្រើនផងដែរ៕

ដោយ ទិត ស្រ៊





