អភិបាលខេត្តតាកែវអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌កាកបាទក្រហមកម្ពុជា ចែកជូនក្រុមគ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥--ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ព្រមទាំងលោក លោកស្រីអនុប្រធាន សមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោក លោកស្រីប្រធាន អនុប្រធាន សមាជិក អនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកដែលមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃចំនួន ១៧៥គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានឃុំឧត្តមសូរិយា និងឃុំជាងទង ស្រុកត្រាំកក់ខេត្តតាកែវ។

ពិធីនេះរៀបចំធ្វើឡើងនៅវត្តឧត្តមសូរិយា ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកតា លោកយាយ អ៊ំ ពូ មីង និងពុកម៉ែបងប្អូនទាំងអស់ ដែលបានយល់ព្រមលះបង់នូវសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដូចជាប្តី ប្រពន្ធ កូន ឬចៅ ឱ្យទៅបំពេញភារកិច្ចជាទាហានជួរមុខ ដើម្បីការពារជាតិពីសង្រ្គាមឈ្លានពានរបស់ប្រទេសជិតខាង។ ការដែលពុកម៉ែបងប្អូនដាច់ចិត្តឱ្យសាច់ឈាមបង្កើតចាកចេញពីផ្ទះសម្បែងទៅកាន់សមរភូមិជួរមុខ ប្រឈមនឹងគ្រាប់កាំភ្លើង និងការឈ្លានពានពីសត្រូវនេះ គឺជាការលះបង់ដ៏ធំធេងបំផុត ដែលមិនអាចកាត់ថ្លៃបាន។ បើគ្មានការលះបង់ និងស្មារតីស្នេហាជាតិពីសំណាក់ពុកម៉ែបងប្អូន និងវីរៈកងទ័ពយើងទេនោះ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជនក៏មិនអាចរក្សាបានរឹងមាំដូចពេលនេះដែរ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា វត្តមានរបស់បងប្អូនជនភៀសសឹកដែលបានចាកចេញពីតំបន់ព្រំដែន គឺជាសាក្សីរស់នៃការតស៊ូ និងការឈឺចាប់ដែលបង្កឡើងដោយការរំលោភបំពានពីសំណាក់ក្រុមទាហានសៀមដែលនៅតែបន្តធ្វើសង្រ្គាមឈ្លានពានមកលើបូរណភាពទឹកដីរបស់យើង ក៏ដូចជាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រជាពលរដ្ឋ។ ជនភៀសសឹកជាច្រើនម៉ឺនគ្រួសារ ត្រូវបង្ខំចាកចេញពីលំនៅដ្ឋានរបស់ខ្លួនដោយសារតែសង្រ្គាមឈ្លានពានរបស់សៀម ដែលជាទង្វើឈ្លានពានមកលើប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។ យើងទាំងអស់គ្នាឈឺចាប់ និងចងចាំមិនអាចបំភ្លេចបាននោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត នឹងមិនទុកឱ្យបងប្អូនណាម្នាក់ឱ្យរស់នៅឯកោឡើយ។ ការនាំយកនូវសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគមកចែកជូនបងប្អូននាពេលនេះ គឺជាការចូលរួមចំណែកសម្រាលទុក្ខលំបាក និងជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពរបស់គ្រួសារកងទ័ពដែលបានឈរជើងការពារទឹកដីខ្មែរពីការឈ្លានពានរបស់ប្រទេសជិតខាង កុំឱ្យមករំលោភបំពានលើអធិបតេយ្យភាពជាតិបានឡើយ។
អំណោយដែលចែកជូនក្រុមគ្រួសារវិរកងទ័ព និងជនភៀសសឹកទាំង ១៧៥គ្រួសារក្នុងពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មីខ្លាឃ្មុំ ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ប្រេងឆា ០១ដប កន្ទេល០១មកក្រមា០១ មុង០១ ភួយ០១ និងថវិកាមួយចំនួនផងដែរ៕
ដោយ: អ៊ុច សៀង





