ពលរដ្ឋក្រីក្រ៣៧គ្រួសារនៅភូមិចំការគរទទួលបានអំណោយស្បៀង និងថវិកាពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥-- ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៧គ្រួសារ រស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទទួលអំណោយស្បៀងអាហារ និងថវិកា ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃដែលកំពុងជួបការលំបាកបានមួយគ្រាពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តប្រាសាទបីរស្មីចំការគរ។

អំណោយមនុស្សធម៌នេះត្រូវបាន ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ លោកស្រី ម៉េង គឹមហួយ សមាជិកាគណៈកម្មាធិការសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់ ដឹកនាំក្រុមប្រតិបត្តិសាខា សមាជិកគណៈកម្មាធិការអនុសាខាស្រុកស្វាយចេក ក្រុមកាកបាទក្រហមឃុំស្វាយចេក និងអ្នកស្ម័គ្រចិត្ត ចុះសួរសុខទុក្ខ និងចែកជូនដល់គ្រួសារក្រីក្រទាំង ៣៧គ្រួសារ។

ក្នុងឱកាសនោះ លោកស្រី ម៉េង គឹមហួយ បានពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះអាហារទទួលទាននោះទេ។

លោកស្រីបានបញ្ជាក់ថា ពីមុនប្រជាពលរដ្ឋទាំងនេះភាគច្រើនទទួលបានចំណូលពីការចូលទៅប្រកបមុខរបរនៅខាងក្នុងដីថៃ ប៉ុន្តែចាប់តាំងពីប្រទេសទាំងពីរមានបញ្ហាជាមួយគ្នា ហើយបានបិទព្រំដែនមក គ្រួសារពួកគាត់គ្មានចំណូលប្រចាំថ្ងៃដូចពីមុនទៀតទេ។ ទន្ទឹមនឹងការផ្ដល់អំណោយនេះ លោកស្រីក៏បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងត្រូវជំរុញការងារបង្កបង្កើនផលកសិកម្មឱ្យអស់លទ្ធភាព ដើម្បីបង្កើនចំណូលគ្រួសារឱ្យបានប្រសើរឡើង។
តំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោមគ្រួសារទាំង៣៧គ្រួសារ ដែលបានទទួលអំណោយ បានថ្លែងទាំងក្ដីរំភើបរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ។ គាត់បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលមិនដែលភ្លេចគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រដូចពួកខ្ញុំឡើយ ដោយបានប្រកាន់ខ្ជាប់នូវពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"» និងបានគោរពជូនពរដល់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យមានសុខភាពល្អ និងបានបន្តដឹកនាំកិច្ចការមនុស្សធម៌នេះតទៅមុខទៀត ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋជួបការលំបាកទាំងអស់។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំមកចែកជូនសម្រាប់មួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម មីខ្លាឃ្មុំ២៥កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាមួយចំនួនផងដែរ៕
ដោយ ឈុន សារ៉ាត





