សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើ Ko1 មានប្រាក់សូមយកទៅទិញទំនិញថៃ ដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោល បើមនុស្សមិនទទួលទាន ទុកឱ្យសត្វស៊ីប្រសើរជាងដុត ឬកម្ទេចចោល
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សម្ដេចទើបបានមើលវីដេអូមានរយៈពេលជាង៨នាទី របស់ក្រុមដែលដឹកនាំដោយលោក KO1 ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះ ពិសេសសម្រាប់លោក KO1 តែម្តង។ សម្ដេចតេជោបានបញ្ជាក់ថា ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ផងដែរថា ប្រសិនបើ Ko1 មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូច Ko1 បានធ្វើដែលមានក្នុងវីដេអូនេះ ហើយបើមនុស្សមិនទទួលទាន ទុកឱ្យសត្វស៊ីប្រសើរជាងដុត ឬកម្ទេចចោល។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយ ទៅហើយ មិនថាប្រជាជននៅក្នុងប្រទេស ឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសល់តើឱ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ? សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំសូមឱ្យ Ko1 បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់ និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូររបស់ជាតិ»។

សម្ដេចតេជោក៏បានឱ្យដឹងទៀតថា «ខ្ញុំសរសេរបន្ថែមបន្ទាប់ពីបានអានខមិន។ ខ្ញុំគាំទ្រការលក់ទំនិញចាស់ឱ្យអស់តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។ សូមកុំឱ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន។ ឯអ្នកទិញក៏គួរពិនិត្យតើជាទំនិញចាស់ ឬទំនិញថ្មី ព្រោះទំនិញមានកាលកំណត់របស់វា។ ត្រូវខិតខំផលិតទំនិញក្នុងស្រុក និងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។»
សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានជំរុញដល់ Ko1 សូមចូលរួមយុទ្ធនាការជុំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញប្រសើរជាង៕
ដោយ៖ ប៊ុនរិទ្ធ





