រដ្ឋបាលស្រុកឆែប រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦.២០២៨)
AKP ព្រះវិហារ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ---នៅសាលប្រជុំសាលាស្រុក ឆែប មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦,២០២៨) សម្រាប់ស្រុក និងឃុំ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អង្គការដៃគូអភិវឌ្ឍន៍ និងមន្រ្តី រដ្ឋបាលស្រុកជាច្រើនរូបទៀត។


សិក្ខាសាលានេះមានគោលបំណងដើម្បីសមាហរណកម្មយោបល់ និង បញ្ចូលតម្រូវការអាទិភាពនានារបស់ស្រុក និងឃុំចូលក្នុងកម្មវិធីវិនិយោគបី ឆ្នាំរំកិល ២០២៦.២០២៨ របស់រដ្ឋបាលស្រុកឆែប ដើម្បីធានាថាការធ្វើ ផែនការវិនិយោគនៅតំបន់ជនបទមានភាពសមស្រប តាមតម្រូវការ ពិតប្រាកដ និងអាចឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល សំដៅរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងសមធម៌នៅតាមតំបន់ជនបទ។

លោក គឹម ចាន់បញ្ញា បានមានមតិផ្តាំផ្ញើ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួម ទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ សម្រាប់ស្រុក និងឃុំ ក្នុង ពេលកន្លងមក ហើយសូមសំណូមពរអោយបន្តការគាំទ្រតទៅទៀត ដើម្បី ចូលរួមអភិវឌ្ឍសម្រាប់ស្រុក និងឃុំ ឱ្យកាន់តែមានការរីកចម្រើនបន្ត ទៅទៀត ៕
ដោយ៖ ទិត ស្រី





