ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំស្ដីពីវិធានការចំនួន ៤ ដើម្បីការពារសុខភាពក្រោយគ្រោះទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ --
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចេញវីដេអូ អមជាមួយខ្លឹមសារណែនាំដល់ប្រជាពលរដ្ឋ ក្នុងការបង្ការនិងថែរក្សាការពារសុខភាពក្រោយរងគ្រោះដោយសារទឹកជំនន់ ។
តាមរយៈខ្លឹមសារនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ ២០២៥ ក្រសួងខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំ ដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ នូវវិធានការចំនួនបួនក្នុងការថែរក្សាសុខភាព បន្ទាប់ពីជួបប្រទះនឹងទឹកជំនន់ ក្នុងនោះ ទី១. បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ។ ទី២. ត្រូវពិនិត្យមើលផ្ទះ ក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអាសិរពិសផ្សេងៗ។ ទី៣. អនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងនូវការដក់ទឹក នាំឱ្យមានដង្កូវទឹក កើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ និងត្រូវសម្រានក្នុងមុង និងចំណុចចុងក្រោយ គឺស្តារ និងសម្អាតអណ្តូងទឹកឡើងវិញ មុននឹងប្រើប្រាស់ ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញ ដែលជានិច្ចកាល ត្រូវន្ទោរបង់ក្នុងបង្គន់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបន្ថែមទៀតថា ប្រសិនបើសិនលោកអ្នកមានបញ្ហាសុខភាព សុំព្យាយាមស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។ ករណីមានបញ្ហាសុខភាព សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាលតាមរយៈលេខ ១១៥ ដោយឥតគិតថ្លៃ។


យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានឱ្យដឹងថា តាមតំបន់ងាយរងគ្រោះមួយចំនួននៃប្រទេសកម្ពុជា ជារឿយៗតែងទទួលរងគ្រោះមហន្តរាយដោយធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួតជាដើម ក្នុងនោះដែរទឹកជំនន់ជាគ្រោះធម្មជាតិមួយបានបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំស្រូវ បន្លែ ហេដ្ឋារចនាសម្ព័ន្ធ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត មនុស្ស សត្វផងដែរ។ កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា មានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា បានបណ្តាលឱ្យខេត្តមួយចំនួន ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ ។


ឯកឧត្ដម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងបញ្ជាក់ថា មានខេត្តចំនួន១១ និងផ្ទះចំនួនជាង២ម៉ឺនខ្នង រួមជាមួយនឹងប្រជាជនជាង ៣ម៉ឺនគ្រួសារ បាន និងកំពុងរងផលប៉ះពាល់ពីទឹកជំនន់។ ឯកឧត្ដមអ្នកនាំពាក្យបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជាបានយកចិត្តទុកដាក់ត្រៀមខ្លួន ត្រួតពិនិត្យ ធនធាន សម្ភារ ជំនួយ និងមធ្យោបាយបម្រុង និងការការពារចំពោះគ្រោះមហន្តរាយដោយទឹកជំនន់ និងចុះពិនិត្យស្ថានភាពលិចលង់ និងស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះជាប់ជាប្រចាំ៕

ដោយ៖ ឡាច សុជាតា





