ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមសន្និសីទលើកទី១០ និងខួបលើកទី២០នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា នៅទីក្រុងប៉ារីស ប្រទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទលើកទី១០ ខួបលើកទី២០នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់រដ្ឋភាគីដែលមកពីអឺរ៉ុប និងអាស៊ីចំនួន៦០ប្រទេស និងមានអ្នកចូលរួមប្រមាណជា៣០០នាក់ រួមទាំងរដ្ឋមន្ត្រីនៃរដ្ឋភាគីពាក់ព័ន្ធប្រមាណ៣០រូបផ្សេងទៀត។
សន្និសីទនេះផ្ដោតលើការពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា ៖ ១. ការគោរពខួបទី២០ នៃអនុសញ្ញាអន្តរជាតិ។ ២. ការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិក និងអ្នករាយការណ៍សម្រាប់សន្និសីទលើកទី១០ នៃអនុសញ្ញាអន្តរជាតិ។ ៣. ការពិនិត្យរបាយការណ៍របស់រដ្ឋភាគី ការកែប្រែ ឬការស្នើសុំពីរដ្ឋភាគីលើបញ្ជីហាមឃាត់ និងវិធីសាស្ត្រហាមឃាត់ ឆ្នាំ២០២៦ និង ៤. ពិនិត្យលើការអនុវត្តអនុសញ្ញាអន្តរជាតិរបស់រដ្ឋភាគី ការស្នើសុំ និងការអំពាវនាវរបស់លេខាធិការដ្ឋាននៃអង្គការយូណេស្កូទៅកាន់រដ្ឋភាគី ដើម្បីផ្ដល់មូលនិធិស្ម័គ្រចិត្តបន្ថែមទៀតសម្រាប់ទ្រទ្រង់ដល់រដ្ឋភាគីដែលកំពុងជួបបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា។


ដោយឡែកការប្រារព្ធខួបទី២០នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា បានឆ្លុះបញ្ចាំងពីសមិទ្ធផល និងបញ្ហាប្រឈមនានាក្នុងរយៈពេល២០ឆ្នាំកន្លងមក ព្រមទាំងបានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចូលរួមនូវរាល់គំនិតផ្តួចផ្ដើមថ្មីៗរបស់រដ្ឋភាគី ការកែទម្រង់ និងការរៀបចំយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





