ឯកឧត្តម តឹករ៉េត សំរេច ចូលរួមពិគ្រោះយោបល់ ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី តំបន់ទន្លេសាប ខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់ជុំវិញបឹងទន្លេសាប ក្នុងខេត្តបាត់ដំបង និង ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់ទន្លេសាប ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង។


អង្គប្រជុំបានឯកភាពគ្នាក្នុងការការពារបរិស្ថាន ធនធានធម្មជាតិបឹងទន្លេសាបឱ្យបានស្ថិតស្ថេរចិរកាល ប្រកបដោយនិរន្តរភាពសម្រាប់កូនចៅតជំនាន់ ដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ណែនាំដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាបន័ អាជ្ញាធរដែនដី ពាក់ពន្ធ័ទាំងអស់ រួមគ្នាប្តេជ្ញាធ្វេីឱ្យតំបន់បឹងទន្លេសាប ក្លាយជារបៀងសេដ្ឋកិច្ចចម្រុះ សន្តិសុខស្បៀង និងស្បៀងអាហារប្រកបដោយសុវត្ថិភាព ឯករាជ្យភាព និងភាពម្ចាស់ការរបស់ប្រទេសជាតិ ដោយឈរលេីស្មារតីមនសិការស្រលាញ់ជាតិ មាតុភូមិ និងប្រជាជន សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ ២០៣០-២០៥០។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីផ្សព្វផ្សាយពីទិន្នន័យព័ត៌មានដែលបានប្រមូលចងក្រងកន្លងមកដោយក្រុមការងារប្រតិបត្តិប្រចាំខេត្តបាត់ដំបង នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការចូលរួមពីអាជ្ញាធរទន្លេសាប ក្រសួង-ស្ថាប័នជំនាញពាក់ពន្ធ័ទាំងកម្រិតថ្នាក់ជាតិ-ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





