រដ្ឋបាលស្រុកឆែបរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)
AKP ព្រះវិហារ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥-- នៅសាលប្រជុំសាលាស្រុកឆែប មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) សម្រាប់ស្រុក និងឃុំ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អង្គការដៃគូអភិវឌ្ឍន៍ និងមន្រ្តីរដ្ឋបាលស្រុកជាច្រើនរូបទៀត។

សិក្ខាសាលានេះមានគោលបំណងដើម្បីសមាហរណកម្មយោបល់ និងបញ្ចូលតម្រូវការអាទិភាពនានារបស់ស្រុក និងឃុំចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកឆែប ដើម្បីធានាថាការធ្វើផែនការវិនិយោគនៅតំបន់ជនបទមានភាពសមស្រប តាមតម្រូវការពិតប្រាកដ និងអាចឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងសមធម៌នៅតាមតំបន់ជនបទ។


លោក គឹម ចាន់បញ្ញា បានមានមតិផ្តាំផ្ញើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ សម្រាប់ស្រុក និងឃុំ ក្នុងពេលកន្លងមក ហើយសូមសំណូមពរអោយបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍសម្រាប់ស្រុក និងឃុំ ឱ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត៕
ដោយ ទិត ស្រ៊





