ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញបន្តការងារចុះបញ្ជីដីធ្លីសេសសល់ ជាពិសេសដីរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥-- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសប្តេជ្ញាចិត្តបន្តជំរុញការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់មួយចំនួនតូចនៅទូទាំងប្រទេស ជាពិសេសផ្តោតលើការចុះបញ្ជី ដីរដ្ឋ និង ដីសហគមន៍ជនជាតិដើមភាគតិច ឲ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការបញ្ជាក់នេះបានធ្វើឡើងដោយឯកឧត្តម លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ក្នុងសន្និបាតនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ លីវ សុផាណ្ណារើន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តការងារចុះបញ្ជីដីធ្លីបង្ហើយបានយ៉ាងជោគជ័យ ស្របតាមទិសស្លោករបស់ក្រសួង «ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត»។

ឯកឧត្តមបានគូសបញ្ជាក់ថា «លទ្ធផលវាស់វែងជាប្រព័ន្ធនៅបន្ទាយមានជ័យគឺជាជោគជ័យដ៏ធំធេងមួយ ដែលបានផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ដល់ប្រជាពលរដ្ឋក្នុងការកាន់កាប់អចលនទ្រព្យ» និងបានណែនាំដល់មន្ទីរត្រូវបន្តគិតគូរលើជំហានបន្ទាប់ គឺ ការរៀបចំផែនការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងវិស័យសំណង់ឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់គុណភាពជីវិត និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានលើកឡើងពីលទ្ធផលដ៏ត្រចះត្រចង់ ដែលមន្ទីរសម្រេចបានក្នុងឆ្នាំ២០២៥ ដោយបញ្ជាក់ថា ខេត្តបន្ទាយមានជ័យបានក្លាយជា ខេត្តទី៨ ដែលបាន ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

តួលេខសំខាន់ៗដែលសម្រេចបានរួមមានតំបន់១ (ដីកម្មសិទ្ធិឯកជន) ក្នុងតំបន់បឹងទន្លេសាប វាស់វែងរួចចំនួន ៧៥៨,៣៩៥ ក្បាលដី និងចេញបណ្ណរួចចំនួន ៥៨០,៥៤៣ ក្បាលដី។ ការចុះបញ្ជីដីរដ្ឋនៅតំបន់២ ចុះបញ្ជីរួចរាល់ជាស្ថាពរលើផ្ទៃដីទំហំ ២០,៨០១ ហិកតា។ ការចុះបញ្ជីដីរដ្ឋនៅតំបន់៣ ចុះបញ្ជីរួចរាល់សម្រាប់ផ្ទៃដីទំហំ៨,៨៣៨ហិកតា។ ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តចំនួន ៦,៣៥៥ បណ្ណ នៅក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធ។
ជាការឆ្លើយតប លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងរៀបចំដែនដី ដែលបានយកចិត្តទុកដាក់ជម្រុញការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តរហូតទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រនេះ និងបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងបន្តសហការយ៉ាងពេញទំហឹងជាមួយមន្ទីរជំនាញ ដើម្បីអនុវត្តនូវទិសដៅការងារឆ្នាំ២០២៦ ដោយផ្តោតលើការ ពន្លឿនការផ្តល់សេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់ ជូនប្រជាពលរដ្ឋឲ្យបានលឿន មានតម្លាភាព និងគាប់ចិត្ត។ លោកក៏បានស្នើដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ បន្តចូលរួមសហការដោះស្រាយនូវវិវាទដីធ្លី ដែលនៅសេសសល់ ព្រមទាំងការងារ គ្រប់គ្រងសណ្តាប់ធ្នាប់សំណង់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនាក្នុងសង្គម៕
ដោយ ឈុន សារ៉ាត





