សម្ដេចតេជោ ហ៊ុន សែន រំលេចពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងដោះស្រាយ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំលេចអំពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងដោះស្រាយ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយ លោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅវិមាន៧មករា។

ក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍ ហើយសម្ដេចក៏បានចែករំលែកអំពីទិដ្ឋភាពទូទៅ និងស្ថានភាពព្រះរាជាណាចក្រកម្ពុជា ពីអតីតកាល ប្រវត្តិសាស្រ្ដ និងស្ថានភាពនៃការពលិកម្មរបស់សម្ដេចតេជោកន្លងទៅ កាលពីសម្ដេចរំដោះជាតិចេញរបបប្រល័យពូជសាសន៍ ប៉ុលពត និងការដឹកនាំរបស់សម្ដេចកាលសម្ដេចនៅជានាយករដ្ឋមន្រ្ដីជាដើម។

សម្ដេចតេជោក៏បាន បង្ហាញអំពីស្ថានភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងស្ថានភាពនយោបាយទៅដល់ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិនផងដែរ។ សម្ដេចតេជោ បានរំលេចអំពីការបន្តដឹកនាំប្រទេសកម្ពុជា ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលក្នុងពេលបច្ចុប្បន្ននេះ បានបន្តដឹកនាំដោយស្វាហាប់ និងបន្តខិតខំប្រឹងប្រែង អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ សម្ដេចតេជោ ក៏បានរំលេចអំពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលរាជរដ្ឋាភិបាលកម្ពុជារបស់យើងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ រួមនឹងស្ថានភាពនយោបាយមួយចំនួន ដែលសម្ដេចតេជោ បានចែករំលែកដល់ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន បានឈ្វេងយល់បន្ថែមអំពីស្ថានភាពពិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱ្យក្រុមការងារគណបក្សនៅក្រៅប្រទេស ឱ្យបានឃើញអំពីភាពរីកចម្រើនអំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ៕
ដោយ៖ ជឹម ណារី





