សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានរក្សានូវភាពស្ងប់ស្ងាត់គឺក្នុងគោលបំណងកាត់បន្ថយបញ្ហា និងកាត់បន្ថយការបាត់បង់
AKP កណ្ដាល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា សម្រាប់ការវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា-ថៃ ហើយក្រោយមកមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ គឺខាងភាគីកម្ពុជាបានរក្សានូវភាពស្ងប់ស្ងាត់គឺក្នុងគោលបំណងកាត់បន្ថយបញ្ហា កាត់បន្ថយការបាត់បង់ជីវិតមនុស្ស ទាំងទាហាន ទាំងប្រជាជន និងទាំងទ្រព្យសម្បត្តិ ខណៈដែលយើងចង់ស្តារសភាពការណ៍ឡើងវិញ ដែលនេះវាបានចូលទៅក្នុងអភិក្រមនៃការបញ្ចប់ជម្លោះ និងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ។ ការថ្លែងបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានបងប្អូនខ្លះបាននិយាយថា ចាំបាច់ត្រូវភ្ជាប់ទំនាក់ទំនងឡើងវិញធ្វើអ្វី ដែលទាំងនៅកម្ពុជាក៏មាននិយាយយ៉ាងនេះ ទាំងនៅប្រទេសថៃក៏មាននិយាយយ៉ាងនេះ។ សម្តេចធិបតីបានបញ្ជាក់ជូនថា ការនិយាយរបស់បងប្អូនយ៉ាងនេះគឺនិយាយតាមអារម្មណ៍របស់បងប្អូន ប៉ុន្តែបើមេដឹកនាំនៅប្រើកំហឹងទល់កំហល់ដាក់គ្នានោះ គឺមិនមែនស្លាប់មេដឹកនាំនៅភ្នំពេញនោះទេ ផ្ទុយទៅវិញអ្នកដែលស្លាប់គឺជាទាហាន និងប្រជាជន។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ដូច្នេះការបញ្ចប់ជម្លោះគឺជាគោលដៅសំខាន់ ដែលសង្ឃឹមថាក្នុងពេលឆាប់ៗនេះនឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាព ដែលយើងបាន និងកំពុងធ្វើយ៉ាងណាដើម្បីបញ្ចប់ជម្លោះនេះ ដែលនេះគឺជាអភិក្រមរបស់យើង»។

សម្តេចធិបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញ ដែលនៅក្នុងសហគមន៍អាស៊ានមានប្រទេសតិចណាស់ដែលគ្មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយបញ្ហាវាបានបន្សល់ទុកតាំងពីជំនាន់អាណានិគមរាប់រយឆ្នាំ ប៉ុន្តែ ការជ្រើសរើសសម្រាប់ការដោះស្រាយគឺដោយវិធីសាស្ត្រដោយសន្តិវិធីតាមយន្តការនេះ តាមយន្តការនោះ ដោយមិនប្រើប្រាស់ការប្រយុទ្ធគ្នាដោយកំហឹងនោះទេ យើងត្រូវមានការនិយាយគ្នាដើម្បីដោះស្រាយបញ្ហា។ សម្តេចធិបតីបានអះអាងថា កម្ពុជាគ្មានសោះឡើយនូវគោលបំណងដើម្បីរំលោភលើអធិបតេយ្យភាព បូរណភាពរបស់អ្នកណាឡើយ តែយើងក៏មិនឱ្យអ្នកណាមករំលោភលើអធិបតេយ្យភាព បូរណភាពរបស់យើងដូចគ្នា នេះគឺជាគោលការណ៍។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងទៀតថា ការដោះស្រាយបញ្ហាព្រំដែនគឺត្រូវធ្វើឡើងតាមគោលការណ៍ដែលប្រទេសអាស៊ានផ្សេងៗបានធ្វើរួចមកហើយ ក្នុងនោះគឺមានគណៈកម្មាធិការកិច្ចការព្រំដែន មានច្បាប់អន្តរជាតិ មានសន្ធិសញ្ញា អនុសញ្ញាជាដើម ដែលកម្ពុជាបានធ្វើ២០ឆ្នាំមកហើយ។ សម្ដេចធិបតីបានបន្ថែមថា៖ «នេះហើយគឺជាការត្រៀមដើម្បីពន្លត់ជម្លោះព្រំដែនដោយសន្តិវិធី ដែលការឯកភាពគ្នាទ្វេភាគីគឺគ្មានអ្នកណាបាត់អ្វីនោះទេ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋយល់ពីអត្ថប្រយោជន៍នៃភាពស្ងាត់របស់រាជរដ្ឋាភិបាល ខណៈដែលយើងស្ងាត់ តែមិនស្ងៀមទេ គឺយើងបានធ្វើរាល់សកម្មភាពទាំងអស់ដើម្បីបទឈប់បាញ់ និងសន្តិភាព»៕
ដោយ៖ ចាន់ សុភឿន





